កិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៧ (27th DGICM) និងកិច្ចប្រជុំពាក់ព័ន្ធ
កិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៧ (27th DGICM) និងកិច្ចប្រជុំពាក់ព័ន្ធ
ព្រឹកថ្វៃថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៧ (27th DGICM) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ទីក្រុង Nha Trang ខេត្ត Khanh Hoa នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ឯកឧត្តម Pham The Tung អនុរដ្ឋមន្ត្រី ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រកាសបើកដំណើរការកិច្ចប្រជុំ DGICM លើកទី២៧ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន សរុបចំនួន១២១នាក់។
បន្ទាប់ពីពិធីបើកកិច្ចប្រជុំ DGICM លើកទី២៧ បានចាប់ផ្តើមដំណើរការដោយប្តូរវេនប្រធានកិច្ចប្រជុំ DGICM ពីអគ្គនាយកអន្តោប្រវេសន៍ថៃ ជូនឯកឧត្តម ឧត្តមសេនីយ៍ទោ Pham Dang Khoa ប្រធាននាយកដ្ឋានអន្តោប្រវេសន៍វៀតណាម ជាប្រធានកិច្ចប្រជុំ DGICM លើកទី២៧ ក្នុងឆ្នាំ២០២៤នេះ។ បន្ទាប់មក កិច្ចប្រជុំបានបន្តដំណើរការតាមរបៀបវារៈនៃកិច្ចប្រជុំ ដោយគណៈប្រតិភូនៃបណ្តាប្រទេសសមាជិកអាស៊ាន ចែករំលែកអំពីវឌ្ឍនភាពការងារគ្រប់គ្រងអន្តោប្រវេសន៍ ក្នុងនោះមានទាំងការងារជំនាញ និងបច្ចេកវិទ្យាឌីជីថលគ្រប់គ្រងព្រំដែន។
សូមជម្រាបជូនថា កិច្ចប្រជុំ DGICM នេះត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងបណ្តាប្រទេសជាដៃគូពិភាក្សា លើការងារគ្រប់គ្រងអន្តោប្រវេសន៍ តាមរយៈការចែករំលែកព័ត៌មានជំនាញអន្តោប្រវេសន៍៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/