ពិធីសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival)
ពិធីសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival)
ក្រសួងមហាផ្ទៃ៖ ថ្ងៃសុក្រ ៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួម ពិធីសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម-លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្ដម-លោកជំទាវអគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានផ្ដល់ទិដ្ឋាការ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងស្ថានប័នពាក់ព័ន្ធជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ប្រព័ន្ធ ( Cambodia e-Arrival) នឹងជួយកាត់បន្ថយពេលវេលាបំពេញបែបបទចូល-ចេញពីប្រទេស ធានាថា អ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ដោយអ្នកដំណើរចូលកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិនានា គ្រាន់តែបំពេញព័ត៌មានតាមទម្រង់ ដែលបានកំណត់តាមតំណភ្ជាប់ទៅគេហទំព័រ www.arrival.gov.kh ឬកម្មវិធី (Cambodia e-Arrival) រួមមាន ទម្រង់សលាកបត្រអន្តោប្រវេសន៍ រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ ខណៈបណ្ដាប្រទេសជឿលឿនកាន់តែច្រើនបាន និងកំពុងប្រើប្រាស់ប្រព័ន្ធនេះ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ឬ (Cambodia e-Arrival) ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធថា ជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ វិនិយោគិន និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តថា (Cambodia e-Arrival) រៀបចំដោយកូនខ្មែរ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ដោយបង្កើតបានជាប្រព័ន្ធជាតិតែមួយ ដែលអាចឆ្លើយតបបានទៅនឹងការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងវឌ្ឍនភាពជាតិ ជាពិសេសក្នុងដំណាក់កាល ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទាក់ទាញភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាធុរជនបរទេស ឱ្យចូលមកទស្សនា និងធ្វើធុរកិច្ចស្របតាមការគោលនយោបាយទេសចរណ៍ និងវិនិយោគ និងក៏ផ្តល់ភាពងាយស្រួលសម្រាប់ការគ្រប់គ្រងកិច្ចការសន្តិសុខ និងការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជាផងដែរ។
ក្រសួងមហាផ្ទៃ បានដាក់ឱ្យអនុវត្តសាកល្បងនូវប្រព័ន្ធ (Cambodia e-Arrival) ជាបណ្ដើរៗនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាបអង្គរ និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅតាមបណ្ដាច្រកទ្វារអាកាសយានដ្ឋានទាំង ៣ នេះ នៅអំឡុងខែកកញ្ញា ឆ្នាំ២០២៤ មុននឹងបន្តពន្លាតទៅអនុវត្តនៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារទ្វេភាគីផ្សេងទៀតជាបន្តបន្ទាប់។ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ការផ្ដួចផ្ដើម និងដឹកនាំឈានទៅសម្រេចបាននូវប្រព័ន្ធ (Cambodia e-Arrival) នេះ គឺជាការបញ្ជាក់ច្បាស់នូវលទ្ធផលជាក់ស្ដែងថ្មីមួយទៀត នៃទិសដៅការងារអាទិភាពទាំង ៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រកាសអនុវត្តចាប់ពីដើមនីតិកាលទី៧ ៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/