ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់នាយកដ្ឋានច្រកទ្វារទី២

នៅថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំធំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២។​ ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែកមួយចំនួន។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង បានមានមតិស្វាគមន៍ និងបើកកិច្ចប្រជុំព្រមទាំងបានលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ។

កិច្ចបន្ទាប់ ឯកឧត្តម បានអនុញ្ញាតអោយលោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ ឡើងរាយការណ៍ពីវត្តមានអនុប្រធាននាយកដ្ឋាន និងលោកនាយប៉ុស្តិ៍ រួចបានអនុញ្ញាតអោយលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ ឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅខែបន្ទាប់។ 

បន្ទាប់មកក៏បានអនុញ្ញាតឱ្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ឡើងធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាពរបស់ប៉ុស្តិ៍ ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរជូនថ្នាក់ដឹកនាំដើម្បីរកដំណោះស្រាយ។ 

ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានមានមតិណែនាំ២ចំណុចធំៗ ពាក់ព័ន្ធការគ្រប់គ្រងកម្លាំងត្រូវរឹតបណ្តឹងមន្រ្តីនៅតាមបណ្តាប៉ុស្តិ៍នៅពេលបំពេញការងារត្រូវស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ព្រមទាំងណែនាំឱ្យយកចិត្តទុកដាក់ និងត្រួតពិនិត្យរាល់បញ្ជីមុខសញ្ញាផ្សេងៗ ក្នុងនោះដែរក៍បានណែនាំការិយាល័យជំនាញ និងលោកនាយប៉ុស្តិ៍ត្រូវសិក្សាស្តីពីការគ្រប់គ្រងការចេញ-ចូលភ្ញៀវកាស៊ីណូអោយបានច្បាស់លាស់។​ ជាកិច្ចបន្ទាប់ លោកជំទាវ ឧត្តមសេនីយ៍ទោ អគ្គនាយករង បានស្នើឲ្យនាយកដ្ឋាន រកពេលវេលាសមស្របដើម្បីប្រជុំពិភាក្សាជាមួយនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងនាយកដ្ឋានច្រកទ្វារទី១ ស្តីពីការកំណត់ការស្លៀកពាក់ឯកសណ្ឋានធំលេខ២ (វ៉ារ៉ឺពណ៌ខៀវចាស់) និងបានណែនាំនាយកដ្ឋានឲ្យត្រៀមរៀបចំស្នើសុំគោលការណ៍ទៅ ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ ដើម្បីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងនាយកដ្ឋាន ក្នុងកំឡុងខែមិថុនាខាងមុខនេះ។

មុនកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ បានចូលរួមមតិបូកសរុប និងបានធ្វើការកោតសរសើរក្រុមការងាររបស់នាយកដ្ឋាន ព្រមទាំងធ្វើការណែនាំ និងដោះស្រាយរាល់បញ្ហាប្រឈមនិងសំណូមពរ របស់លោកនាយប៉ុស្តិ៍ទាំងពីរផងដែរ៕

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ