ព័ត៌មានថ្មីបំផុត


នាព្រឹកថ្ងៃសុក្រ ០៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទីព្រឹក នៅប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង និងវេលាម៉ោង១៥:០០នាទីរសៀល នៅប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចុះមកជួបសំណេះសំណាល ក៏ដូចជានាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ជូនដល់កងកម្លាំងនគរបាលជាតិ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែកការិយាល័យ និងនាយ-នាយរងផ្នែកប៉ុស្តិ៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានអនុញ្ញាតឲ្យលោកនាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទទាំងអស់ ធ្វើសេចក្តីរាយការណ៍អំពីការអនុវត្តន៍ការងារជំនាញ បញ្ហាប្រឈម និងសំណូមពរ ដែលបានជួបប្រទះកន្លងមក ក៏ដូចជាជីវភាពក្នុងការរស់នៅរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានធ្វើការណែនាំ ក៏ដូចជាក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ ជុំវិញការពង្រឹងនូវការអនុវត្តន៍ការងារជំនាញ ដោយផ្អែកលើតួនាទីភារកិច្ចអន្តោប្រវេសន៍ ធ្វើយ៉ាងណាអនុវត្តឲ្យបានត្រឹមត្រូវ ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវចំពោះការងារ។ បន្ថែមពីនេះទៀត ឯកឧត្តម បានណែនាំសង្កត់ធ្ងន់លើការកត់ត្រា បញ្ចូលទិន្នន័យភ្ញៀវចូល-ចេញប្រទេស ចូលក្នុងប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ឲ្យអស់ពីលទ្ធភាព និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវបន្តបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នូវរាល់បញ្ជីមុខសញ្ញាឲ្យបានម៉ឺងមាត់។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានបន្តណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវស្លៀកពាក់ឯកសណ្ឋានការងារឲ្យសមជាមន្ត្រីនគរបាលជាតិ និងត្រូវអនុវត្តការងារទៅតាមឋានានុក្រមនៃការងារ ជាពិសេសត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អប្រសើរ។

ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានធ្វើការប្រគល់ជូននូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ និងអាវយឺត ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិទាំងពីរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ