ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានគាំទ្រកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ ខាងមុខមិនត្រឹម១០០%ទេ គឺ១០០០%។ លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានលើកឡើងនៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ របស់លោកជំទាវ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព ។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកជំទាវ និងប្រតិភូហើយក៏បានលើកនូវចំណុចសំខាន់មួយចំនួនដែលពាក់ព័ន្ធទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងការងារអាស៊ានដែលជាការងារសំខាន់រវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចពិភាក្សានេះលោកជំទាវបានគូរបញ្ជាក់ថានៅឆ្នាំ២០២២ខាងមុខជាឆ្នាំសំខាន់ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានហើយឥណ្ឌូនេស៊ីជាប្រធាននៃក្រុមប្រទេស២០ ដូច្នេះទស្សនកិច្ចរបស់លោកជំទាវលើកនេះគឺដើម្បីពង្រឹងកិច្ចសហការទ្វេភាគីផងនឹងពិភាក្សាពីកិច្ចសហការរវាងអាស៊ានដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកជំទាវរដ្ឋមន្ត្រីការប្រទេសឥណ្ឌូនេស៊ី ដែលបានពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ជូនចំពោះសម្ដេច ហើយសម្ដេច ក៏អរគុណចំពោះការគាំទ្រពេញទំហឹងសម្រាប់កម្ពុជា ដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ និងបានគួរបញ្ជាក់ផងដែរពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌូនេស៊ីរវាងកម្ពុជានិងឥណ្ឌូនេស៊ីដែលមានលក្ខណៈយ៉ាងល្អប្រសើរ ហើយសម្ដេចក៏ចង់ឃើញមានការបើកជើងហោះហើរឡើងវិញរវាងប្រទេសទាំងពីរដោយសារស្ថានភាពកូវីដ-១៩ មានការល្អប្រសើរឡើងវិញហើយ។ ដូច្នេះការបើកប្រទេសឡើងវិញដោយការតភ្ជាប់ជើងយន្តហោះនេះ ជារឿងមួយដ៏សំខាន់ ដោយសារស្ថានភាពនៅឥណ្ឌូនេស៊ី ក៏ល្អប្រសើរហើយដែរ។

សម្ដេចក៏បានសាទរនិងសរសើរឥណ្ឌូនេស៊ី ដែលមានការធ្លាក់ចុះនៃការឆ្លងកូវីដ-១៩ រហូតមកនៅត្រឹមតែពី២០០ទៅ៣០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ បើប្រៀបធៀបទៅនឹងចំនួនប្រជាពលរដ្ឋឥណ្ឌូនេស៊ីដល់ច្រើនជាង ៣០០លាននាក់នោះ។ លើសពីនេះសម្ដេចតេជោ ក៏បានគូសបញ្ជាក់ ពីកិច្ចសហការ ដែលកម្ពុជាធ្លាប់មានជាមួយឥណ្ឌូនេស៊ីកន្លងមក ជាពិសេសបានថ្លែងអំណរគុណឥណ្ឌូនេស៊ី ចំពោះការចូលរួមក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ៨០និង៩០ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្ដេច បានជម្រាបលោកជំទាវផងដែរអំពីកិច្ចសហការគឺយើងត្រូវតែបន្តកិច្ចសហការលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាពិសេសក្នុងក្របខណ្ឌទ្វេភាគីផងក្របខណ្ឌអាស៊ានផង។ សម្ដេចក៏គួរបញ្ជាក់ផងដែរ ពីជំនួយរបស់កម្ពុជាចំពោះប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយសម្ដេចក៏មានប្រសាសន៍អំពីក្របខ័ណ្ឌអាស៊ាន ដែលមានមូលនិធិវ៉ាក់សាំង ហើយក្នុងចំណែកអាស៊ាននេះ កម្ពុជានឹងផ្ដល់ជូនដើម្បីគាំទ្រប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយសារប្រទេសឡាវមានស្ថានភាពឆ្លងច្រើន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា៖ កម្ពុជាបច្ចុប្បន្ននេះមានការចាក់វ៉ាក់សាំងបាន៨៨ភាគរយ នៃចំនួនប្រជាពលរដ្ឋ១៦លាននាក់។ ដូច្នេះជាប្រទេសមួយដែលមានអត្រាចាក់វ៉ាក់សាំងកំណើនខ្ពស់ ក្នុងចំណោមប្រទេសដទៃនៅលើពិភពលោក។ សម្តេចបានលើកអំពីការងារអាស៊ានមួយចំនួន ជាពិសេសការដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។ សម្ដេចក៏គួរបញ្ជាក់ពីការជំរុញកសាងសហគមអាស៊ាន ការពង្រឹងអាស៊ានជាពិសេសទៀតក្នុងក្របខណ្ឌអាស៊ាននេះសម្ដេចបានលើកពីការបន្តផ្តល់អាទិភាពក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ និងធ្វើយ៉ាងណាបើកច្រកឱ្យបណ្ដាប្រទេសអាស៊ានបន្តការតភ្ជាប់ឡើងវិញ និងជំរុញកិច្ចសហការលើវិស័យការប្រយុទ្ធប្រឆាំងកូវីដ-១៩ លើវិស័យសុខាភិបាល។

សម្ដេចក៏គួរបញ្ជាក់ពីគោលជំហរកម្ពុជាពាក់ព័ន្ធការគាំទ្រដល់ទីម័រឡេស្តេ ដែលមិនទាន់ក្លាយជាសមាជិកអាស៊ានពេញលេញនៅឡើយឲ្យចូលជាសមាជិកអាស៊ាននៅពេលដ៏ឆាប់ខាងមុខនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ឥណ្ឌូនេស៊ីក្នុងក្របខណ្ឌអាស៊ានរួមទាំងក្នុងទស្សនទានជាពិសេសអនុវត្តទស្សនទានឥណ្ឌូប៉ាស៊ីហ្វិក។

សម្ដេចបានគូសបញ្ជាក់ផងដែរថា៖ទស្សនទាននៅក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិកនេះ គឺធ្វើយ៉ាងណាដោយមានគោលដៅគាំទ្រគោលដៅសន្តិភាពនិងការអភិវឌ្ឍធ្វើយ៉ាងណាកុំឲ្យមានការប្រឆាំងចំពោះប្រទេសណាមួយនៅក្នុងតំបន់ជាពិសេសគាំទ្រតួនាទីស្នូលឬមួយមជ្ឈភាពអាស៊ាននៅក្នុងតំបន់នេះផងដែរ។ សម្ដេចក៏គួរបញ្ជាក់ ពាក់ព័ន្ធបញ្ហាផ្សេងទៀត ជាពិសេសជំរុញចរចាក្រមប្រតិបត្តិ(COC)ដោយសារឆ្នាំក្រោយជាខួបឆ្នាំទី ២០ឆ្នាំ ដែលអាស៊ាននិងចិនបានព្រមព្រៀងគ្នាគឺជំរុញយ៉ាងណាឲ្យចេញនៅCOCនេះក្នុងពេលវេលាដ៏សមស្របដែលអាចធ្វើទៅបាន។

លើកទៀតសម្តេចក៏បានមានប្រសាសន៍ ពាក់ព័ន្ធទៅនឹងបញ្ហាមីយ៉ាន់ម៉ា និងបញ្ហាផ្សេងៗពាក់ព័ន្ធសភាពការណ៍ក្នុង តំបន់ដែលជាការងារអាស៊ានត្រូវយកចិត្តទុកដាក់។

លោកជំទាវរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីក៏បានឆ្លើយតបថាលោកជំទាវពិតជាមានការរីករាយចំពោះទំនាក់ទំនងកិច្ចសហការទ្វេភាគីរវាងកម្ពុជានិងឥណ្ឌូនេស៊ី ជាពិសេសការតភ្ជាប់ជើងយន្តហោះឡើងវិញរវាងប្រទេសទាំងពីរដែលជារឿងសំខាន់។ ចំពោះបញ្ហាកូវីដ-១៩វិញ លោកជំទាវក៏បានកោតសរសើរសម្ដេចតេជោ ដែលកម្ពុជាមានអត្រាចាក់វ៉ាក់សាំងរហូតដល់ ៨៨% ដោយចាត់ទុកថាជាតួលេខខ្ពស់បំផុត ហើយលោកជំទាវក៏បានជម្រាបជូនសម្ដេចអំពីសភាពការណ៍កូវីដ-១៩ និងការចាក់វ៉ាក់សាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារឥណ្ឌូនេស៊ី ជាប្រទេសមួយ ប្រជុំទៅដោយកោះនិងធ្វើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងជួបការលំបាក។ ទោះជាយ៉ាងណាក៏ដោយ ឥណ្ឌូនេស៊ីបានប្រយុទ្ធប្រឆាំងដោយជោគជ័យធ្វើឱ្យអត្រានៃការឆ្លងធ្លាក់ចុះយ៉ាងតិចបំផុត។ ពាក់ពាន់ទៅដល់ប្រទេសឡាវលោកជំទាវបាន ថ្លែងអំណរគុណសម្ដេចតេជោ ដែលបានយកចិត្តទុកដាក់ផ្ដល់ជាជំនួយដល់ប្រទេសឡាវហើយលោកជំទាវបានមានប្រសាសន៍ថាលោកជំទាវនិងឥណ្ឌូនេស៊ី នឹងផ្ដល់ជូនដល់ប្រទេសឡាវផងដែរនៅពេលខាងមុខនេះ។ចំពោះកិច្ចសហការទ្វេភាគីផ្សេងទៀតជាពិសេសលើវិស័យកសិកម្មសុខាភិបាល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលោកជំទាវរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានស្នើឱ្យប្រទេសទាំងពីរកម្ពុជា ឥណ្ឌូនេស៊ី បន្តពង្រឹងនិងពង្រីក កិច្ចសហការលើវិស័យទាំងនេះជាពិសេសវិស័យកសិកម្មតែម្ដង។ ចំពោះទីម័រឡេស្តេ លោកជំទាវបានមានប្រសាសន៍ថា ឥណ្ឌូនេស៊ីគាំទ្រធ្វើយ៉ាងណាឱ្យទីម៍រឡេស្តេ បានចូលជាសមាជិកអាស៊ានដោយលោកជំទាវថា ឥណ្ឌូនេស៊ីបានគាំទ្រតាំងពីដើមដំបូងមកម្ល៉េះហើយក៏បានចូលរួមចំណែកក្នុងការកសាងសមត្ថភាពដល់មន្ត្រីពីប្រទេសទីម័រលេស្តេផងដែរ។

ចំពោះទស្សនៈទានអាស៊ានឥណ្ឌូប៉ាស៊ីហ្វិកលោកជំទាវបានគាំទ្រ និង ឯកភាព ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីនូវអ្វីដែលសម្ដេចបានលើកឡើងអំពីទស្សនទានសំខាន់ៗនោះ។ លោកជំទាវបានគូសបញ្ជាក់ថា នេះជាស្នូលនៃរឿងសំខាន់របស់អាស៊ាន ជាពិសេសធ្វើយ៉ាងណាឲ្យអាស៊ានបន្តដើរតួនាទីស្នូលហើយឥណ្ឌូនេស៊ីនឹងសហការជាមួយកម្ពុជាក្នុងការរៀបចំសកម្មភាព ធ្វើសកម្មភាពជាពិសេសធ្វើយ៉ាងណាឲ្យអនុវត្តទស្សនទានអាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ី ហ្វិក។

លោកជំទាវក៏បានគូសបញ្ជាក់នូវការឯកភាពជាមួយសម្ដេចតេជោក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានជាពិសេស ជំរុញធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាស៊ាន បានធ្វើដំណើរឡើងវិញនៅក្នុងតំបន់ ជាពិសេសការតភ្ជាប់បានមានប្រសាសន៍គាំទ្រជាពិសេសទស្សនៈសម្ដេចពាក់ព័ន្ធនឹងសភាពការណ៏នៅមីយ៉ាន់ម៉ាជាពិសេសនៅពេលដែលសម្ដេចចូលរួមកិច្ចប្រជុំទីក្រុងហ្សាការតាកាលពីខែ មេសាកន្លងទៅដែល នៅពេលនោះគឺមានជំនួបមេដឹកនាំអាស៊ានដោយសម្ដេចបានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការចរចាស្វែងរកសន្តិភាព ជាពិសេសគឺការបង្រួបបង្រួមជាតិ ដែលជាបទពិសោធន៍ដ៏ល្អជាពិសេសការចែករំលែកជាមួយប្រទេសផ្សេងទៀត។

ជារួមការពិភាក្សាព្រឹកនេះ មានផ្លែផ្កាជាច្រើនទី១.គឺការពង្រឹងទំនាក់ទំនងកិច្ចសហការនិងភាពជាដៃគូរវាងកម្ពុជានិងឥណ្ឌូនេស៊ី ,ទី២ ជំរុញកិច្ចសហការរវាងកម្ពុជានិងឥណ្ឌូនេស៊ីទៅលើការងារអាស៊ានជាការងារស្នូលមួយផសម្រាប់ប្រទេសកម្ពុជាដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ