ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម CHANG JIAN ទីប្រឹក្សាទី១ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម CHANG JIAN ទីប្រឹក្សាទី១ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលឯកឧត្តម ចាត់ទុកថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាស្ថាប័នសំខាន់មួយក្នុងចំណោមស្ថាប័នផ្សេងទៀត ដែលបានអនុវត្តយ៉ាងល្អប្រសើរក្នុងការជំរុញកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានសន្យានឹងជួយផ្តល់ការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពមន្រ្តីនគរបាលអន្តោប្រវេសន៍ ដើម្បីឲ្យការអនុវត្តតួនាទីភារកិច្ចកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ឯកឧត្តម ក៏បានលើកឡើងអំពីការគិតគូរពិចារណា ដើម្បីស្នើសុំទៅរដ្ឋាភិបាលនៃប្រទេសចិន បង្កើនជើងហោះហើរពីកម្ពុជាទៅចិន ឲ្យដំណើរការឡើងវិញ ក្នុងគោលបំណងសម្រួលដល់ជនជាតិចិន ក៏ដូចជាជនបរទេសផ្សេងទៀត រួមទាំងប្រជាជនកម្ពុជា អាចធ្វើដំណើរទៅប្រទេសចិនវិញបាន។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តម ទីប្រឹក្សាទី១ លើលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ដែលបានផ្តល់ជំនួយសម្រាប់សាងសង់អគារស្នាក់ការត្រៀមបណ្តេញចេញមួយខ្នងនៅរាជធានីភ្នំពេញ ដោយឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការផ្តល់ជំនួយនេះជាការឆ្លើយតបត្រូវនឹងសភាពការណ៍និងតម្រូវការចំពោះមុខរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលកំពុងជួបប្រទះបញ្ហាប្រឈមនៃការចង្អៀតណែនក្នុងការរក្សាទុកជនបរទេសរង់ចាំធ្វើការបណ្តេញចេញ។ ក្នុងឱកាសនោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏បានប្រគល់លិខិតរបស់ក្រសួងមហាផ្ទៃ ឆ្លើយតបទៅឯកឧត្តម XU GANLU អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ និងជាអគ្គនាយកអន្តោប្រវេសន៍ចិន ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការថ្នាក់អគ្គនាយកដ្ឋានជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា ដែលក្នុងនោះឯកឧត្តម ក៏សូមថ្លែងអំណរគុណឯកឧត្តម អនុរដ្ឋមន្រ្តី ចំពោះការផ្តល់នូវជំនួយជាសម្ភារៈដែលមានតម្លៃស្មើនឹង១លានយ័ន។

ជាចុងក្រោយ ភាគីទាំងពីរ បានឯកភាពបន្តពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងស្ថាប័នទាំងពីរឲ្យកាន់តែរីកចម្រើននិងមានប្រសិទ្ធភាពថែមទៀត។

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ