ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងការរៀបចំចងក្រងសមិទ្ធផលសំខាន់ៗ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ពីអាណត្តិរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី១នៃរដ្ឋសភា រហូតដល់បច្ចុប្បន្ន។

អញ្ជើញចូលរួមកិច្ចប្រជុំនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាពេលនេះ មាន ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ការប្រជុំនេះគឺដើម្បីប្រមូលផ្តុំបន្ថែមទៀតនូវមតិយោបល់បន្ថែម ពី ឯកឧត្តម អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងក្រុមការងារទាំងអស់ ដើម្បីងាយស្រួលបំពេញបន្ថែម និងកែសម្រួលពាក្យពេជន៍ ខ្លឹមសារ របស់សមិទ្ធផលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យកាន់តែប្រសើរឡើង។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានបញ្ជាក់ថា ការងាររៀបចំចងក្រងសមិទ្ធផលសំខាន់ៗ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ពីអាណត្តិរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី១នៃរដ្ឋសភា រហូតដល់បច្ចុប្បន្ននេះ ត្រូវតែមានប្រធានបទ និងទម្រង់មួយច្បាស់លាស់។ ដោយសារតែទម្រង់បែបបទវាមានលក្ខណៈខុសគ្នា ហើយការរៀបរៀង និងចងក្រងនេះទៀតសោត ក៏ត្រូវបែងចែកសមិទ្ធផលការងារតាមផែ្នក តាមជំនាញនីមួយៗ ហើយត្រូវផ្អែកលើព័ត៌មានដែលបានមកពីមន្រី្តអន្តោប្រវេសន៍ រួមទាំងការស្រាវជ្រាវរបាយការណ៍ប្រចាំឆ្នាំ ដែលមានស្រាប់ ដោយមានទាំងរូបភាព និងខ្លឹមសារពាក្យពេជន៍ច្បាស់លាស់៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ