បាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងឯកឧត្ដម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់​ បានអញ្ជើញជាអធិបតីភាព ក្នុងពីធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាសម្តេចតេជោ ហ៊ុន សែន ចំនួន ០១ខ្នង មាន ០៦បន្ទប់នៅក្នុងសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី មន្ត្រីរាជការ និងក្រុមការងាររបស់រាជរដ្ឋាភិបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះជួយមូលដ្ឋានភូមិ ឃុំ របស់ស្រុកបាណន់ រួមទាំងប្រជាពលរដ្ឋដែលបានចូលរួមជាច្រើននាក់ទៀតផងដែរ។

ឯកឧត្តម​ សន្តិបណ្ឌិត​ បានឲ្យដឹងថា​ ដំណើរការសាងសង់អគារសិក្សានេះ បានទួលការអនុញ្ញាតពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសារសាលាមានអគារចាស់ទ្រុឌទ្រោម ខណៈនៅសល់អគារមួយខ្នងទៀត មិនអាចបំពេញតម្រូវការចូលរៀនរបស់សិស្សបាន។

ឆ្លើយតបតាមសំណូមពរលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឯកឧត្តម សន្តិបណ្ឌិត សុខ ផល និងឯកឧត្តម​ អគ្គនាយក​ គៀត​ ច័ន្ទថារិទ្ធ​ បានរួមវិភាគទានគ្នាដើម្បីសាងសង់អគារសិក្សាថ្មីនេះជូន សម្រាប់បម្រើប្រយោជ​ន៍ដល់វិស័យសិក្សាធិការជាតិ។

នៅថ្ងៃនេះដែរ ឯកឧត្តម សន្តិបណ្ឌិត និងឯកឧត្តម​ នាយឧត្តមសេនីយ៍​ អគ្គនាយក​ ក៏បានបន្តទៅត្រួតពិនិត្យការសាងសង់សាលប្រជុំរបស់ឃុំទាំង ៣ឃុំ គឺនៅឃុំបាយដាំរាំ ឃុំកន្ទឺ១ និងឃុំចែងមានជ័យ។

សាលប្រជុំនោះអាចដាក់សមាជិកបានចំនួន​ ២៥០នាក់ ក្នុងមួយសាលប្រជុំហើយជាសមិទ្ធផលថ្មីមួយទៀត ដែលឯកឧត្តម​ អគ្គនាយក​ បានរួមវិភាគ​ទានជាមួយឯកឧត្តម​ សន្តិបណ្ឌិត​៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ