ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លើសេចក្តីព្រាង កិច្ចព្រមព្រៀងស្តីពីការឆ្លងកាត់ព្រំដែន និងការគ្រប់គ្រងច្រកទ្វារព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

អញ្ជើញចូលរួមកិច្ចប្រជុំនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាពេលនេះ មាន ឯកឧត្តម ឧត្តមសេនីយ៍ អគ្គនាយករងអន្តោប្រវេសន៍ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញមួយចំនួនទៀត។

កិច្ចប្រជុំនេះបានពិនិត្យមើលអំពីពាក្យពេជន៍ និងខ្លឹមសារលើសេចក្តីព្រាង កិច្ចព្រមព្រៀងដ៏មានសារសំខាន់ ទាក់ទងនឹងបញ្ហាច្រកទ្វារព្រំដែន ឬច្រកទ្វារព្រំដែនគោក ជាពិសេស។

សេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការឆ្លងកាត់ព្រំដែន និងការគ្រប់គ្រងច្រកទ្វារព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមនេះ គឺមានខ្លឹមសារជាគោលការណ៍ អំពីការកម្រិតនៃច្រកទ្វារព្រំដែន និង គោលការណ៍អនុវត្តផែនការអភិវឌ្ឍន៍ច្រកទ្វារព្រំដែន គោលការណ៍សម្រាប់បង្កើត និងតំឡើងច្រកទ្វារព្រំដែនគោក អំពីសមត្ថកិច្ច និងវិធានការត្រួតពិនិត្យឆ្លងកាត់ច្រកទ្វារព្រំដែន ការិតត្បិត និងការផ្អាកបណ្តោះអាសន្ន ការឆ្លងកាត់ច្រកទ្វារព្រំដែន ការប្រើប្រាស់ប័ណ្ណព្រំដែនការសាងសង់សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិសាស្រ្តច្រកទ្វារព្រំដែន ជាដើម ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ការពិនិត្យមើលសេចក្តីព្រាង កិច្ចព្រមព្រៀងស្តីពីការឆ្លងកាត់ព្រំដែន និងការគ្រប់គ្រងច្រកទ្វារព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមនេះ គឺមានសារសំខាន់ណាស់ ដើម្បីជាការយល់ដឹងកាន់តែច្រើន និងកាន់តែច្បាស់របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ក្នុងការអនុវត្តកាត្វកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងមនសិការជាតិ នាពេលបច្ចុប្បន្ន និងនៅពេលខាងមុខ ដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ