ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីកែសម្រួលបច្ចេកស័ព្ទ សម្រាប់ប្រើក្នុងជំនាញអន្តោប្រវេសន៍ តាមរយៈប្រព័ន្ធវីដេអូ Zoom ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានលើកឡើងនូវសារៈសំខាន់ របស់បច្ចេកស័ព្ទទៅតាមមាត្រានីមួយៗ ឲ្យមានខ្លឹមសារងាយស្រួលយល់ ដល់ជំនាញអន្តោប្រវេសន៍ ជាពិសេសក៏មានខ្លឹមសារដែលធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត ។

ក្នុងនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានលើកឡើងបន្ថែមដែរថា ការរៀបចំនូវបច្ចេកស័ព្ទសម្រាប់ប្រើក្នុងជំនាញអន្តោប្រវេសន៍នេះ មិនត្រឹមតែសម្រាប់មន្ត្រីជំនាញនោះទេ គឺសម្រាប់មហាជន ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ជាពិសេសសម្រាប់ជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ងាយស្រួលយល់ មិនមានការភ័ន្តច្រលំ និងច្បាស់លាស់ទៅលើពាក្យពេជន៍ខ្លឹមសារនីមួយៗ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អគ្គនាយក ក៏បានផ្ដាំផ្ញើដល់គ្រប់នាយកដ្ឋានទាំងអស់ ឲ្យចូលរួមបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ និងសួរសុខទុក្ខសុខភាព ដល់មន្ត្រីនៅចំណុះឲ្យនាយកដ្ឋានទាំងអស់ ឲ្យបានទៀងទាត់ផងដែរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ