កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ លទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២១ របស់នាយកដ្ឋានច្រកទ្វារទី២
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីនាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ លទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២១ របស់នាយកដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ, ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា, ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន គារ, លោកជំទាវឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ព្រមទាំងលោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងប៉ុស្តិ៍ នាយផ្នែក និងមន្រ្តីពាក់ព័ន្ធមួយចំនួន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានមតិលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ ព្រមទាំងបានអនុញ្ញាតឲ្យលោកនាយការិយាល័យរដ្ឋបាលសរុប មានមតិអានអំពីសេចក្តីព្រាងរបាយការណ៍ លទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តសម្រាប់ខែបន្ទាប់។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមធ្វើបទបង្ហាញពីសំណាក់ ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ ពាក់ព័ន្ធនឹងការអនុវត្តន៍ការងារប្រចាំថ្ងៃ ក៏ដូចជាការងារជំនាញផ្សេងៗ ព្រមទាំងបានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរផងដែរជូនអង្គប្រជុំជ្រាប។
ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានមានមតិចូលរួមក្នុងការដឹកនាំការងារជំនាញ ក៏ដូចជាណែនាំដល់គ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ចំណុះនាយកដ្ឋាន ត្រូវបង្កើនការគ្រប់គ្រងវត្តមានមន្រ្តីក្រោមឱវាទ របស់ខ្លួនឲ្យបានម៉ត់ចត់បែងចែកវេនយាមប្រចាំការតាមគោលដៅឲ្យបានច្បាស់លាស់ មានតម្លាភាព និងត្រូវអនុវត្តការងារតាមជំនាញឲ្យបានច្បាស់លាស់ត្រូវមានសាមគ្គីភាពគ្នាទៅវិញទៅមក គោរពរាយការណ៍តាមឋានានុក្រមការងារ ដោយភាពស្មោះត្រង់ ព្រមទាំងត្រូវមានស្មារតីក្នុងការទទួលខុសត្រូវចំពោះការងារ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ក្នុងការរិតបន្តឹង នូវបញ្ជីមុខសញ្ញាឲ្យបានគ្រប់ជ្រុងជ្រោយម៉ត់ចត់ និងត្រូវបញ្ចូលទិន្នន័យភ្ញៀវចូល-ចេញប្រទេស ទៅក្នុងប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ឲ្យអស់លទ្ធភាព។
ក្នុងនោះដែរ ឯកឧត្តម ក៏បានបន្តទៀតថា លោកនាយប៉ុស្តិ៍គ្រប់រូប ត្រូវណែនាំដល់ផ្នែករដ្ឋបាលសរុប ក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលា ដែលបានកំណត់របស់ថា្នក់ការិយាល័យ ក៏ដូចជានាយកដ្ឋាន ចំពោះសេចក្តីជូនដំណឹង សារាចរណែនាំ ក៏ដូចជាការងារផ្សេងៗ ដែលបានដាក់ឲ្យ និងជាពិសេសត្រូវផ្សព្វផ្សាយដល់មន្រ្តីក្រោមឱវាទ ធ្វើយ៉ាងត្រូវថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អដោយត្រូវគោរពនូវវិធានរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ក៏ដូចជាអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល (៣កុំ៣ការពារ) ឲ្យបានម៉ឺងម៉ាត់។
ទន្ទឹមនឹងនោះ លោកជំទាវ អគ្គនាយករង មានមតិចូលរួមយោបល់មួយចំនួនពាក់ព័ន្ធទៅលើចំនុចសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្ត ក្នុងការបន្ថែមចំនុចមួយចំនួនដែលអង្គប្រជុំបានលើកឡើង ដាក់ចូលទៅក្នុងចំនុចទិសដៅអនុវត្តបន្តសម្រាប់ខែបន្ទាប់។
នៅទីបញ្ចប់នៃអង្គប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ មានមតិណែនាំ និងក្រើនរំលឹកដល់គ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ត្រូវបន្តបង្កើនការយកចិត្តទុកឲ្យបានម៉ឺងម៉ាត់ ចំពោះការគ្រប់គ្រងនូវរាល់បញ្ជីមុខសញ្ញា ក៏ដូចជាការជ្រៀតចូលលួចឆ្លងដែនខុសច្បាប់ ព្រមទាំងត្រូវត្រួតពិនិត្យនូវរាល់មធ្យោបាយ ទំនិញ មនុស្សឲ្យបានគ្រប់ជ្រុងជ្រោយ ជ្រៀសវាងមានចន្លោះណាមួយកើតមានឡើង។ ក្នុងនោះដែរ ឯកឧត្តម ក៏បានណែនាំដល់គ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវធ្វើយ៉ាងណាថែទាំ សម្អាតម៉ាស៊ីនគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ឲ្យបានល្អប្រសើរ។
មុននឹងបញ្ចប់ ឯកឧត្តម ប្រធានអង្គប្រជុំ ក៏បានក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទទាំងអស់ ក្នុងការចូលរួមបង្ការ ការពារ ទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដោយត្រូវថែទាំសុខភាពឲ្យបានល្អ ត្រូវគោរពតាមវិធានរបស់ក្រសួងសុខាភិបាល ក៏ដូចជាគោលការណ៍របស់រាជរដ្ឋាភិបាលឲ្យបានគ្រប់ៗគ្នា៕