ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានបើកកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការចូលរួមពី ឯកឧត្តមលោកជំទាវ អគ្គនាយរង ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្នងការរង នាយការិយាល័យ ទទួលផែនអន្តោប្រវេសន៍ នៅតាមបណ្តារាជធានី-ខេត្តទាំងអស់។

ជាកិច្ចចាប់ផ្តើម លោកប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានអាននូវរបាយការណ៍ ដែលបង្ហាញពីលទ្ធផលសម្រេចបានក្នុងខែសីហានិងទិសដៅបន្តក្នុងខែកញ្ញា ដែលតាមរយៈខ្លឹមសាររបាយការណ៍ បង្ហាញឲ្យឃើញថា ទោះបីជាករណីឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩នៅតែមានសភាពធ្ងន់ធ្ងរក្តី ក៏អគ្គនាយកដ្ឋាននៅតែបន្តអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន សម្រចបាននូវការងារស្នូលរបស់ខ្លួនបានយ៉ាងល្អប្រសើរ តាមផែនការរបស់ថ្នាក់ដឹកនាំដាក់ជូន ទន្ទឹមនឹងការអនុវត្តតាមយ៉ាងម៉ឺងម៉ាត់ នូវវិធានការទាំងឡាយដែលកំណត់ដោយក្រសួងសុខាភិបាល។ របាយការណ៍ក៏បានលើកឡើង ពីការបន្តធ្លាក់ចុះចំនួនភ្ញៀវបរទេសចូលមកកម្ពុជា។ អង្គប្រជុំក៏បានចូលរួមមតិកែសម្រួលចំណុចមួយចំនួន នៅក្នុងរបាយការណ៍ឲ្យកាន់តែសុក្រិតថែមទៀត និងបានចូលរួមផ្តល់មតិយោបល់យ៉ាងផុសផុលផងដែរ។

បន្ទាប់ពីស្តាប់របាយការណ៍ និងកិច្ចពិភាក្សា រួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គនាយក បានផ្តល់មតិណែនាំមួយចំនួនសម្រាប់អនុវត្តបន្ត មានដូចជា៖ បន្តផ្សព្វផ្សាយ និងចាត់វិធានការនានា ដើម្បីការពារ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩, ជម្រុញឲ្យមន្ត្រីទៅចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា, ត្រូវបែងចែកមន្ត្រីមកបំរើការនៅអគ្គភាព ទៅតាមតម្រូវការចាំបាច់, ត្រូវរៀបចំជូបប្រជុំនិងបើកវគ្គបណ្តុះបណ្តាលចាំបាច់ផ្សេងៗ តាមប្រព័ន្ធ (ZOOM) ដើម្បីសម្រេចបាននូវភារកិច្ចរបស់ខ្លួន ចៀសវាងការរាំងស្ទះណាមួយ, បន្តពង្រឹងការគ្រប់គ្រងតាមបណ្តាច្រកទ្វារព្រំដែន ដើម្បីក្តាប់បានពីចំនួនជនបរទេសរចេញ ចូលប្រទេស ក៏ដូចជាការទប់ស្កាត់ការជ្រៀតចូល នៃមុខសញ្ញាមិនល្អ ហើយនឹងការទប់ស្កាត់ការនាំចូលជម្ងឺកូវីដ-១៩ ពីខាងក្រៅ, ត្រូវខិតខំអនុវត្តតាមផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដែលអគ្គនាយកដ្ឋានដាក់ចេញកន្លងមក, ត្រូវបន្តរកវិធីធ្វើឲ្យប្រសើរឡើង នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជនបរទេសស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS), មន្ត្រីមូនដ្ឋានតាមរាជធានី-ខេត្ត ត្រូវព្យាយាមរកឲ្យឃើញទីតាំងដែលជនបរទេសកំពុងស្នាក់នៅ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកែសម្រួលទិន្នន័យក្នុងប្រព័ន្ធឲ្យបានត្រឹមត្រូវ, ត្រូវធ្វើការវាយតម្លៃសភាពការណ៍ទូទៅ និងលើកយោបល់ សុំគោលការណ៍ ដើម្បីមានដំណោះស្រាយទាន់ពេល និងពិសេសត្រូវរៀនសម្របខ្លួនរស់នៅ និងប្រកបការងារនៅក្នុងគន្លងប្រក្រតីភាពថ្មីនៃជម្ងឺកូវីដ-១៩។

ចុងបញ្ចប់ឯកឧត្តម អគ្គនាយក បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ អង្គប្រជុំទាំងអស់ដែលបានអញ្ជើញចូលរួមប្រជុំ តាមការរៀបចំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសូមជូនពរឲ្យសម្រេចបានរាល់ភារកិច្ច និងចៀសផុតពីជម្ងឺកូវីដ-១៩ ទាំងអស់គ្នា៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ