ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ នាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅប្រគល់ជូនរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ឧបករណ៍វេជ្ជសាស្ត្រដែលយកទៅប្រគល់ជូន រដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័សចំនួន ៥០០,០០០គ្រឿង, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០ឈុត, ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។

យោងតាមលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១មានខ្លឹមសារថា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសយើងទាំងពីរ ខ្ញុំសូមបរិច្ចាគជាសាច់ប្រាក់ចំនួន ២០០.០០០ដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមពីលើការសន្យារបស់កម្ពុជា ចំនួន ១០០.០០០ដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌អាស៊ាន ជួយមីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ (AHA) ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ