ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំ ឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២១ របស់នាយកដ្ឋាន។

ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ, ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា, ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន គារ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូប្រធាននាយកដ្ឋានច្រកទ្វារទី២ ព្រមទាំងលោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែកមួយចំនួន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានមតិលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ និងបានអនុញ្ញាតឲ្យលោកនាយការិយាល័យរដ្ឋបាលសរុប អានអំពីសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២១ និងលើកទិសដៅការងារខែបន្ទាប់។បន្ទាប់មកលោកនាយការិយាល័យច្រកទ្វារផ្លូវទឹក និងកំពង់ផែអន្តរជាតិ បានធ្វើសេចក្តីរាយការណ៍អំពីគោលបំណង នៃការបង្កើតប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិច (Port EDI) ក៏ដូចជាតម្រូវការឯកសារសំខាន់ៗ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធនោះ ដែលជាគម្រោងរបស់អង្គការ JICA ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។

មានប្រសាសន៍ចូលរួមយោបល់ដោះស្រាយពាក់ព័ន្ធការងារខាងលើ ឯកឧត្តម អគ្គនាយករង ក៏ដូចជាឯកឧត្តម ប្រធានអង្គប្រជុំ បានណែនាំ និងប្រគល់ជូនលោកអនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យច្រកទ្វារផ្លូវទឹក និងកំពង់ផែអន្តរជាតិ ក៏ដូចជាឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក្នុងការសិក្សាស្វែងរកចំណុច ឬឯកសារសំខាន់ៗរួមតែមួយ ដែលជាតម្រូវការរបស់បណ្តាប៉ុស្តិ៍ពាក់ព័ន្ធ ក៏ដូចជានាយកដ្ឋាន ដើម្បីបញ្ចូលធាតុទាំងនោះចូលទៅក្នុងប្រព័ន្ធ (Port EDI) ព្រមទាំងត្រូវធ្វើជារបាយការណ៍ឲ្យបានច្បាស់លាស់ ដើម្បីគោរពរាយការណ៍ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។ ក្រោយមកលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក៏បានធ្វើសេចក្តីរាយការណ៍អំពីការគ្រប់គ្រងមនុស្សចូល-ចេញប្រទេសនិងការផ្លាស់ប្តូរទំនិញ ព្រមទាំងការគ្រប់គ្រងកុំឲ្យមានការឆ្លងរីករាលដាលនៃជម្ងឺកូវីដ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បានចូលរួមមតិក្នុងការដឹកនាំការងារជំនាញ ក៏ដូចជាផ្តាំផ្ញើដល់លោកនាយប៉ុស្តិ៍ទាំងអស់ ចំណុះនាយកដ្ឋាន ត្រូវគ្រប់គ្រងវត្តមាន និងអវត្តមានកងកម្លាំងនៅអង្គភាពរបស់ខ្លួន ឲ្យបានច្បាស់លាស់ក្នុងបរិបទកូវីដ-១៩នេះ ព្រមទាំងត្រូវរឹតបន្តឹងឲ្យបានម៉ឺងមាត់ នូវការត្រួតពិនិត្យមនុស្ស មធ្យោបាយ ទំនិញគ្រប់ប្រភេទ ជ្រៀសវាងមានចន្លោះខ្វះខាតកើតមានឡើង និងជាពិសេសមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវធ្វើយ៉ាងណាថែទាំងសុខភាពឲ្យបានល្អប្រសើរដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន។

នៅទីបញ្ចប់នៃអង្គប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ មានមតិណែនាំសង្កត់បន្ថែមក្នុងការគ្រប់គ្រង រឹតបន្តឹងការចូល-ចេញរបស់មនុស្ស និងទំនិញ នៅតាមព្រំដែនភូមិសាស្រ្តប្រតិបត្តិការ ហើយត្រូវក្តាប់សភាពការណ៍ គោលការណ៍ណែនាំរបស់ថា្នក់ដឹកនាំឲ្យច្បាស់លាស់ និងទាន់ពេលវេលា ព្រមទាំងបានជម្រុញឲ្យមន្រ្តីក្រោមឱវាទទាំងអស់ ត្រៀមខ្លួនក្នុងការទទួលវ៉ាក់សាំងការពារកូវីដ-១៩ លើកទី៣ (ដូសជម្រុញ) ផងដែរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ