សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតស៊ុយអែត ក្នុងឱកាសដែលឯកឧត្តមនឹងត្រូវបញ្ចប់អាណត្តិការទូតនៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម ប្យ៊ន ហេម៉ាកឯកអគ្គរាជទូតស៊ុយអែត ក្នុងឱកាសដែលឯកឧត្តមនឹងត្រូវបញ្ចប់អាណត្តិការទូតនៅកម្ពុជា។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប្យ៊ន ហេម៉ាក បានជម្រាបជូនសម្ដេចអំពីការងារពាក់ព័ន្ធនឹងការបញ្ចប់តួនាទីការទូត របស់ឯកឧត្តមនៅកម្ពុជា ទន្ទឹមគ្នានឹងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងប្រព័ន្ធហិរញ្ញវត្ថុ ដែលតម្រូវឱ្យស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជាបិទជាផ្លូវការនៅខែធ្នូខាងមុខនេះ។
ឯកឧត្តមបន្តថា ទោះបីជាមានការបិទស្ថានទូត ប៉ុន្តែប្រទេសស៊ុយអែតនៅតែបន្តមានកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការងារឧត្តមសិក្សា ស្រាវជ្រាវ និងវប្បធម៌ ហើយថាការងារបន្តនឹងទទួលអនុវត្តដោយស្ថានទូតស៊ុយអែត នៅទីក្រុងបាងកក ប្រទេសថៃ។
ឯកឧត្តមឯកអគ្គរាជទូត ក៏បានសម្ដែងការកោតសរសើរវិធានការរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការខិតខំអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងការបង្ការទប់ស្កាត់ការឆ្លងជំងឺនេះនៅក្នុងពន្ធនាគារ។
ឯកឧត្តម ក៏បានលើកឡើងអំពីសំណូមពរ២ដល់កម្ពុជា ទី១.គឺស្នើបង្កើតកុងស៊ុលកិត្តិយស ដោយឯកឧត្តម បានបន្តថាបច្ចុប្បន្នស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក កំពុងរង់ចាំការយល់ព្រមពីភាគីកម្ពុជា ដើម្បីបង្កើតជាស្ថានកុងស៊ុលកិត្តិយស ដើម្បីសម្រួលដល់ប្រជាពលរដ្ឋស៊ុយអែត ដែលកំពុងមានវត្តមាននៅកម្ពុជា។
សំណើរទី២ វិញ ឯកឧត្តមបានជម្រាបជូនថាប្រជាពលរដ្ឋស៊ុយអែត នៅកម្ពុជាមានការលំបាកក្នុងការបន្តទិដ្ឋាការរបស់ខ្លួនដោយសារលិខិតឆ្លងដែនជិតផុតកំណត់ ហើយស្ថានទូតនៅកម្ពុជា មិនអាចទទួលសំណើរធ្វើលិខិតឆ្លងដែនបាន ដោយតម្រូវឱ្យពួកគេត្រូវធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីដាក់សំណើរស្នើសុំលិខិតឆ្លងដែនថ្មី ប៉ុន្តែត្រូវជួបឧបសគ្គដោយសារជំងឺកូវីដ-១៩។
ឯកឧត្តមបានជម្រាបជូនសម្ដេចថា ជាដំណោះស្រាយ ស្ថានទូតស៊ុយអែតនៅកម្ពុជា បានអនុវត្តវិធានការបណ្ដោះអាសន្ន ដោយដាក់ចេញទម្រង់លិខិតឆ្លងដែនថ្មីជូនពួកគាត់។ ឯកឧត្តមស្នើសុំភាគីកម្ពុជា ពិនិត្យលទ្ធភាពអនុញ្ញាតបន្តទិដ្ឋាការស្នាក់នៅដល់ពលរដ្ឋស៊ុយអែត ដោយទទួលនូវទម្រង់លិខិតឆ្លងដែនថ្មី ដែលបានចេញជាបណ្ដោះអាសន្ននេះ។
ឆ្លើយតបនឹងសំណើរទី១ របស់ឯកឧត្តម ឯកអគ្គរាជទូត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងពិនិត្យ និងធ្វើការលើរឿងនេះ ហើយពាក់ព័ន្ធនឹងសំណើរទី២ សម្ដេចបានបន្តថានឹងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងធ្វើការងារនេះជាមួយសហការីដើម្បីឆ្លើយតបទៅស្ថានទូត។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការមួយចំនួន ដែលភាគីកម្ពុជា និងស៊ុយអែត ត្រូវបន្តជាមួយគ្នាទៀត គឺការងារកំណែទម្រង់ថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់ផ្នែកនគរបាល ដូចជាការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនជាដើម។
សម្ដេចបានមានប្រសាសន៍ថា កន្លងមកស៊ុយអែតបានចូលរួមក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ហើយថាស៊ុតអែតជាប្រទេសមានបទពិសោធន៍ច្រើនលើការងារកំណែទម្រង់នេះ ពិសេសសម្ដេចផ្ទាល់ក៏បានអញ្ជើញទស្សនកិច្ចផ្ទាល់នៅប្រទេស៊ុយអែត ដើម្បីស្វែងយល់លើការងារកំណែទម្រង់នេះផងដែរ។
សម្ដេចបានបន្តថាសម្រាប់កម្ពុជា ទោះគោលដៅកំណែទម្រង់មិនទាន់សម្រេចបានទាំងស្រុង ប៉ុន្តែបានបោះជំហ៊ានទៅមុខជាប្រចាំនិងទទួលបានលទ្ធផលតាមការរំពឹងទុក ជាក់ស្ដែងកម្ពុជាកំពុងរៀបចំដាក់ចេញផែនការ១០ឆ្នាំ ដំណាក់កាលទី២ ជុំវិញការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ចំពោះការងារអនុវត្តច្បាប់ផ្នែកនគរបាល ដូចជាការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមមានការប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ហាគ្រឿងញៀន និងការប្រឆាំងភេវរកម្ម សម្ដេក្រឡាហោម បានស្នើសុំភាគីស៊ុយអែត ពិនិត្យលទ្ធភាពបន្តពង្រឹការងារនេះជាមួយភាគីកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតបឯកឧត្តម អគ្គរាជទូតស៊ុយអែត បានថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម ដែលបានលើកឡើងអំពីការងារកំណែទម្រង់ និងបានបន្តថាស៊ុយអែត ពិតជាមានមោទនភាព ដែលបានគាំទ្រកម្ពុជាបង្កើតជាមូលដ្ឋាន ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ចំពោះសំណើរសម្ដេច ពាក់ព័ន្ធនឹងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្នែកនគរបាល និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឯកឧត្តមបានជម្រាបសម្ដេចថា នឹងនាំសំណើរនេះជូនរដ្ឋាភិបាលស៊ុយអែត និងបានអះអាងថាការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនពិតជាមានសារៈសំខាន់ ពិសេសបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យា៕