នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ខ្លឹមសារ និងចងក្រងឯកសារពាក់ព័ន្ធនានា សម្រាប់ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលលើកទី២៤
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា ដើម្បីប្រមូល និងចងក្រងឯកសារពាក់ព័ន្ធនានា សម្រាប់ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលលើកទី២៤(24th GDICM) នៅពេលខាងមុខនេះ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង, ប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញមួយចំនួនទៀត ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា កិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលលើកទី២៤ (24th GDICM) ឆ្នាំនេះ គឺប្រទេសភីលីពីនត្រៀមធ្វើជាម្ចាស់ផ្ទះ ហើយគ្រោងរៀបចំកិច្ចប្រជុំតាមរយៈអនឡាយ ដោយកិច្ចប្រជុំនេះនឹងធ្វើឡើង នៅថ្ងៃទី២៥-២៦ ខែសីហា ខាងមុខ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ជូនមន្ត្រីពាក់ព័ន្ធទាំងអស់ ក្នុងការតៀមឯកសារស្តីពីលទ្ធផលប្រតិបត្តិការ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដូចជាការគ្រប់គ្រងការចេញចូលប្រទេសកម្ពុជារបស់ជនបរទេសគ្រប់ប្រភេទ ការស្នាក់នៅ អ្នកវិនិយោគិន និងហត្ថពលករបរទេសជាដើម ។
កិច្ចប្រជុំក៏បានរៀបចំក្រុមការងារ សម្រាប់កិច្ចពិភក្សាការងារសំខាន់ៗមានដូចជា កិច្ចប្រជុំថ្នាក់ប្រធានប៉ុស្តិ៍នៅតាមអាកាសយានដ្ឋាន, កិច្ចប្រជុំស្តីពីព័ត៌មានចារកម្មអន្តោប្រវេសន៍, កិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកុងស៊ុល, កិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកុងស៊ុល ជាមួយការផ្ដល់យោបល់របស់ប្រទេសអូស្រ្តាលី៕