នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា កែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ដោយមានការចូលរួមពី ឯកឧត្តម ប៉ូលី ដា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំនគរបាលអន្តោប្រវេសន៍ជាច្រើនរូបទៀត។
កិច្ចប្រជុំបានប្រារព្ធឡើងនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្តោតសំខាន់ទៅលើខ្លឹមសារច្បាប់ ដើម្បីទប់ស្កាត់ជនបរទេស ដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ និងជនបរទេសដែលបន្តរស់នៅដោយខុសច្បាប់។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៉ូលី ដា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានពាំនាំនូវការកោតសរសើររបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំពោះថ្នាក់ដឹកនាំនិងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានខិតខំប្រឹងប្រែងតាក់តែងសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីប្រកបដោយខ្លឹមសារស្របតាមបច្ចុប្បន្នភាព។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានគាំទ្រនូវកិច្ចការរៀបចំ និង ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីនេះដែលជាច្បាប់ដ៏មានសារៈសំខានណាស់ សម្រាប់ប្រទេសជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ខ្លឹមសារសំខាន់ៗនៅក្នុងការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីនេះគឺបានផ្តោតជាពិសេសទៅនឹងការទប់ស្កាត់ បទល្មើសជនបរទេសចូលកម្ពុជាដោយខុសច្បាប់ ដូចជាការបន្ថែមទម្ងន់ទោស ដល់ចូលរួមប្រព្រឹត្តិបទល្មើសនេះជាដើម។ ជាមួយគ្នានេះសេចក្តីព្រាងច្បាប់នេះ ក៏មានខ្លឹមសារដែលធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត ចំពោះការគ្រប់គ្រងជនបរទេស ដែលកំពុងរស់នៅក្នុងប្រទេស ទាំងជនបរទេសជាអ្នកវិនិយោគ និងជនបរទេសអន្តោប្រវេសន្តជាដើម។
ឯកឧត្តម ប៉ូលី ដា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលជាអ្នកជំនាញផ្នែកច្បាប់ បានមានប្រសាសន៍ថា តាមការសន្និដ្ឋានសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីនេះដូចជាសម្រេចរួចរាល់ទាំងស្រុងហើយ ប៉ុន្តែឯកឧត្តមបានលើកចិត្តដល់មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យបន្ថែមទៅលើខ្លឹមសារ និងពាក្យពេចន៍ដើម្បីឲ្យខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីកាន់តែសុត្រិត្យ៕