ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤ រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងារខែឧសភានិងទិសដៅការងារខែមិថុនា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំបានប្រារព្ធឡើងនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍, ប្រធាន-អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យពាក់ព័ន្ធផ្សេងៗទៀត។

នៅក្នុងរបាយការណ៍លទ្ធផលការងារខែឧសភាកន្លងទៅ ដែលបានជម្រាបជូនកិច្ចប្រជុំ ដោយឧត្តមសេនីយ៍ឯក ពុំ វិត្យា ប្រធាននាយកដ្ឋានរដ្ឋបាល បានឲ្យដឹងថា ដោយសារស្ថានភាពជម្ងឺកូវីដ-១៩ កំពុងរាតត្បាតជាសាកល បានធ្វើឲ្យសភាពការណ៍ជនបរទេសនិងប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរចេញ ចូល ព្រះរាជាណាចក្រកម្ពុជា មានការថយចុះ។ ប៉ុន្តែទន្ទឹមនឹងនេះ មន្រ្តីអន្តោប្រវេសន៍នៅតែយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនជាប្រចាំ ក្នុងការគ្រប់គ្រងជនបរទេស ជនអន្តោប្រវេសន្ត និងជនភៀសខ្លួន ដែលកំពុងរស់នៅ និងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះមន្រ្តីអន្តោប្រវេសន៍ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំ៣កុំ និង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថែរក្សាអនាម័យផ្ទាល់ខ្លួនជាប្រចាំផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍កោតសរសើរ ដល់មន្ត្រីអន្តោប្រវេសន៍គ្រប់ផ្នែក ដែលបានយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួន តាមវិជ្ជាជីវៈ និងប្រកបដោយសីលធម៌ខ្ពស់ ក្នុងកាលៈទេសៈនៃការរាតត្បាតដោយជម្ងឺកូវីដ-១៩ តែទទួលបានលទ្ធផលដ៏ល្អប្រសើរ ជូនជាតិ។

បន្ទាប់ពីការលើកឡើងជាយោបល់ និងសំណូមពរ របស់ឯកឧត្តម អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋានមួយចំនួន អំពីការដំណើរការប្រត្តិបត្តិការងារ និងបញ្ហាប្រឈមរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានផ្តល់ជាអនុសាសន៍ និងធ្វើការណែនាំមួយចំនួន សម្រាប់បំពេញការងារខែខាងមុខ និងជាបន្តបន្ទាប់ទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ថា៖ នៅក្នុងកាលៈទេសៈនេះមន្ត្រីអន្តោប្រវេសន៍ទាំងអស់ ត្រូវចេះសម្របខ្លួន និងធ្វើការក្នុងបរិបទថ្មីសម័យកូវីដ-១៩ ដោយយើងអាចបំពេញតួនាទីវិជ្ជាជីវៈ ក្នុងការគ្រប់គ្រងជនបរទេស នៅក្នុងប្រទេសប្រកបដោយប្រសិទ្ធិភាព។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថាត្រូវពង្រឹងការងារប៉ុស្តិ៍ច្រកទ្វារ និងបន្តយកចិត្តទុកដាក់ស្រាវជ្រាវរកឲ្យឃើញជនបរទេស ដែលលួចចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ និងត្រូវបន្តពង្រឹងការគ្រប់គ្រងជនបរទេស តាមប្រព័ន្ធអនឡាញឲ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ថា បណ្តានាយកដ្ឋានទាំងអស់ ត្រូវមានផែនការមេជាពិសេសផែនការប្រព័ន្ធឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារជំនាញរបស់មន្ត្រីអន្តោប្រវេសន៍។

ទាក់ទងនឹងបញ្ហាធនធានមនុស្ស  ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ថា ក្នុងកាលៈទេសៈនៃការរាត្បាតដោយជម្ងឺកូវីដ-១៩នេះ ត្រូវមានការរៀនសូត្រ ឬបើកជាសិក្ខាសាលានានាដោយធ្វើតាមប្រព័ន្ធអនឡាញដើម្បីបង្កើនចំណេះដឹង និងប្រសិទ្ធភាពការងារសម្រាប់គ្រប់ផ្នែកទាំងអស់ នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ និងមន្ត្រីនៃផែនអន្តោប្រវេសន៍តាមបណ្តាស្នងការដ្ឋាននគរបាល រាជធានី ខេត្តផងដែរ ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ