អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមប្រកាសជាឱឡារិកថា គ្មានការទិញ-លក់ទីស្ដីការក្រសួងមហាផ្ទៃ ដូចសំដីរបស់លោក គឹម សុខ នោះទេ
ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ សារព័ត៌មាន The Cambodia Daily ដែលផ្សាយតាមប្រព័ន្ធអនឡាញពីក្រៅប្រទេសនិងតែងមានចេតនាទុច្ចរិត ក្នុងបំណងបម្រើឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ បានធ្វើបទសម្ភាសន៍ជាមួយឈ្មោះ គឹម សុខ ដែលក្នុងកិច្ចសម្ភាសន៍នោះ គឹម សុខ បានប្រើប្រាស់វោហារសព្ទចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថាបានលក់ទីស្តីការក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់តាមអារម្មណ៍នេះ ដោយចាត់ទុកថា ការលើកឡើងរបស់អ្នកវិភាគសរសៃប្រសាទរូបនេះ គឺជាការវិភាគតាម ការយល់សប្តិ បែបមមើមមាយ និងឡប់សតិតែប៉ុណ្ណោះ ព្រោះគ្មានការបញ្ជាក់ពីប្រភពព័ត៌មាន ឬយក មូលដ្ឋានអ្វីមកជាសំអាងក្នុងការនិយាយនោះឡើយ។ ការដែលឈ្មោះ គឹម សុខ ចេះតែដើរនិយាយបរិហារកេរ្តិ៍មួលបង្កាច់គេឯងផ្តេសផ្តាស គឺជាចេតនាដ៏លាមក ដើម្បីញុះញង់ឲ្យមានការបែកបាក់ផ្ទៃក្នុងជាតិ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋដែលមានសតិសម្បជញ្ញៈ ចាត់ទុកសំដីរបស់ គឹម សុខ ជាសំដីប៉ប្លេចប៉ប្លូចឥតខ្លឹមសារ និងជាអ្នកវិភាគដែលមានជំងឺសរសៃប្រសាទ។
ម្យ៉ាងវិញទៀត សំដីស្អុយគគ្រុករបស់ គឹម សុខ នេះ ក៏ជាអ្វីដែលសារព័ត៌មាន The Cambodia Daily ដែលអះអាងខ្លួនថា ជាសារព័ត៌មានអព្យាក្រឹតនោះ តែងនិយមយកមកផ្សព្វផ្សាយ ដែលបង្ហាញឲ្យឃើញនូវចរិតជាសារព័ត៌មានមួយ ដែលខ្វះវិចារណញ្ញាណក្នុងវិជ្ជាជីវៈ ហើយតែងផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ បង្កអស្ថរភាពដល់នយោបាយ និងសន្តិសុខសង្គមព្រមទាំងរំលោភយ៉ាងងងើលលើគោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងសង្គមប្រជាធិបតេយ្យ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមប្រកាសជាឱឡារិកថា គ្មានការទិញ-លក់ទីស្ដីការក្រសួងមហាផ្ទៃ ដូចសំដីដ៏ស្អុយគគ្រុករបស់ឈ្មោះគឹម សុខ នោះទេ ។ ទីស្តីការក្រសួងមហាផ្ទៃនៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជាហើយក៏គ្មាន និងមិនអាចមានទាល់តែសោះនូវការទិញ-លក់ ដូចការផ្សព្វផ្សាយបំផ្លើសនោះឡើយ៕