ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អំពាវនាវដល់ប្រជាពលរដ្ឋត្រូវតែរក្សាឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារនិង៣កុំ ឲ្យបានគ្រប់ៗគ្នា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានធ្វើការអំពាវនាវដល់បងប្អូន ដែលរស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅទាំងអស់ គប្បីអនុវត្តបានឲ្យបានខ្ជាប់ខ្ជួននូវវិធានការ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាពិសេស ៣ការពារ និង៣កុំ ដើម្បីឲ្យរួចផុតពីការឆ្លងនូវមេរោគកូវីដ-១៩ ខណៈបញ្ហាមេរោគនេះកំពុងតែផ្ទុះខ្លាំងនៅក្នុងរាជធានីភ្នំពេញ រហូតបានបណ្តាលឲ្យមានមនុស្សស្លាប់ហើយនោះ។
ថ្លែងនៅក្នុងពិធីចែកអំណោយ ដល់ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រចំនួនពីររយគ្រួសារ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ នៅវត្តវាលស្បូវ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថាពេលវេលានេះ គឺជាពេលដែលបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ មិនត្រូវស្តាប់តាមការលើកឡើងរបស់ជនមួយក្តាប់តូច ដែលមានលក្ខណៈញុះញង់ដល់បងប្អូននោះឡើយ ខណៈបញ្ហាមេរោគកូវីដ-១៩ បានកំពុងរីករាលដាលខ្លាំង គឺដោយសារតែយើងទាំងអស់គ្នាមិនបានអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនោះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ត្រូវតែរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវតែនាំគ្នាទៅចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ស្របទៅតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ ខណៈវ៉ាក់សាំងនឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ដូចអ្វីដែលរាជរដ្ឋាភិបាលបានមានប្រសាសន៍នាពេលកន្លងទៅនោះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានបញ្ជាក់ប្រាប់ដល់បងប្អូនទាំងអស់ នៅសង្កាត់វាលស្បូវនោះផងដែរថារាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានគិតគួរយ៉ាងខ្លាំងចំពោះសុកមាលភាពរបស់បងប្អូនប្រជាពលរដ្ឋដោយបានបញ្ជាទិញនូវវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនគិតថ្លៃ ហើយការទិញនូវវ៉ាក់សាំងពីប្រទេសគេនេះ គឺបញ្ជាក់ឲ្យឃើញថារាជរដ្ឋាភិបាលបានគិតគួរអំពីសុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា មិនដូចការលើកឡើង របស់ជនអគតិមួយក្តាប់តូចដែលបានលើកឡើង នាពេលកន្លងមកនោះឡើយ។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ចាស់ជរា និងជនក្រីក្រនេះ ក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ គឺបានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជននានា ដោយអំណោយទាំងនោះមានអង្ករ មី ស្កសរ ពង់មាន់ និងថវិកាមួយចំនួនជាដើម៕