នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុញ្ញាតឲ្យលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ ។
ក្នុងកិច្ចជំនួបពិភាក្សានេះ លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធសម្រាប់កិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក លើការងារសម្របសម្រួលនានា ជូនប្រជាពលរដ្ឋគុយបា ដែលកំពុងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវ ឯកអគ្គរដ្ឋទូត បានលើកឡើងថា ស្ថានទូតមានតួនាទីសម្របសម្រួល បញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋគុយបា ដូចនេះលោកជំទាវក៏បានធ្វើការស្នើសុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តកិច្ចសហការសម្របសម្រួល ជូនប្រជាពលរដ្ឋគុយបា ដែលកំពុងមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ស្វាគមន៍ដល់លោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ហេីយឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានគាំទ្រដល់ការបន្តរឹតចំណងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផងដែរ៕