ឧត្តមសេនីយ៍ទោ ថូ ភ័ភ្រា អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ អញ្ជើញចុះមកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងបានបើកកិច្ចប្រជុំណែនាំឲ្យមន្ត្រីប៉ុស្តិ៍ ពង្រឹងការងារគ្រប់គ្រង ការងារត្រួតពិនិត្យអ្នកដំណើរឆ្លងកាត់ព្រំដែន
តាកែវ៖ នៅថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ ថូ ភ័ភ្រា អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ ជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញចុះមកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងបានបើកកិច្ចប្រជុំណែនាំឲ្យមន្ត្រីប៉ុស្តិ៍ ពង្រឹងការងារគ្រប់គ្រងការងារត្រួតពិនិត្យអ្នកដំណើរឆ្លងកាត់ព្រំដែន សំដៅរកឲ្យឃើញ និងទប់ស្កាត់ទាន់ពេលនូវការលួចឆ្លងដែនខុសច្បាប់ នៃអ្នកដំណើរចង់គេចវេះពីការធ្វើចត្តាឡីស័ក តាមវិធានការរបស់ក្រសួងសុខាភិបាល នៃការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ។
ទន្ទឹមនេះលោកឧត្ដមសេនីយ៍ទោ ក៏បានណែនាំឲ្យកម្លាំងប្រចាំការគោលដៅ ជួយសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ជាអាជីវករប្រកបរបររកស៊ីផ្លាស់ប្ដូរទំនិញ នៅតំបន់ព្រំដែនក្នុងក្របខ័ណ្ឌពាណិជ្ជកម្មឲ្យមានភាពរលូន និងត្រូវណែនាំឲ្យអ្នកបើកបររថយន្ត មានវិធានការអនាម័យខ្ពស់ តាមការគោលការណ៍របស់ក្រសួងសុខាភិបាល។
ក្រោយចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ បានបន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យភូមិសាស្រ្ត គោលដៅប្រតិបត្តិការរបស់ប៉ុស្តិ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងតួនាទីភារកិច្ចដែលថ្នាក់លើប្រគល់ជូន៕