នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងខ្លឹមសារ សម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំឆ្លងខ្លឹមសារ សម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គស្នងការ, អគ្គស្នងការរង, ឯកឧត្តមអគ្គនាយក អគ្គនាយករង, ឯកឧត្តមប្រធាន អនុប្រធានអង្គភាព និងទីប្រឹក្សាក្រសួង។
អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន ដែលបានរៀបចំរបាយការណ៍ផ្ញើជូនមកកាន់ថ្នាក់ដឹកនាំ និងជាពិសេសថ្លែងអំណរគុណក្រុមការងារដឹកនាំដោយឯកឧត្តម សក់ សេដ្ឋា ដែលបានរៀបចំរបាយការណ៍ទាំងនោះដាក់ឆ្លងកិច្ចប្រជុំនាថ្ងៃនេះ។
បន្ទាប់មក ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោង ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ស្ដីអំពីដំណើរការរៀបចំខ្លឹមសារ សម្រាប់ត្រៀមមហាសន្និបាត មុននឹងសម្ដេចបន្តដឹកនាំកិច្ចប្រជុំពិភាក្សា លើចំណុចសំខាន់ៗពាក់ព័ន្ធនឹងសេចក្ដីព្រាងរបៀបវារៈសន្និបាត និងកិច្ចការសំខាន់ៗមួយចំនួនទៀត៕