ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ីប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារ ជាមួយនឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានេះ ក៏មានឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក តំណាងឲ្យគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា, ឯកឧត្តម នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍, ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានបញ្ជាក់អំពីគោលបំណង នៃជំនួបពិភាក្សានាពេលនេះ គឺដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ជនបរទេសមិនមែនអន្តោប្រវេសន្ត និងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ការផ្តល់ប័ណ្ណការងារជូនជនបរទេសអន្តោប្រវេសន្ត និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសអន្តោប្រវេសន្តដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុននានា និងកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនជាមួយអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែន នៃប្រទេសជិតខាង ព្រមដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ថ្មី ស្តីពីច្បាប់អន្តោប្រវេសន៍។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំបានជ្រាបអំពី តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងសមិទ្ធផលរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងឆ្នាំ២០២០ ព្រមទាំងទិសដៅការងារអនុវត្តន៍បន្តឆ្នាំ២០២១ មានជាអាទិ៍៖ ១-ការដោះស្រាយបញ្ចប់វិបត្តិ នៃបញ្ហាជនបរទេសអន្តោប្រវេសន្ត, ២-ពង្រឹងដំណើរការគ្រប់គ្រងការចេញចូលព្រះរាជាណាចក្រកម្ពុជា, ៣-រៀបចំការគ្រប់គ្រង់វត្តមានជនបរទេសអន្តោប្រវេសន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា, ៤-ត្រួតពិនិត្យ ជំរុញឱ្យជនបរទេសអន្តោប្រវេសន្ត គោរពច្បាប់ការងារ និង៥-ការដោះស្រាយបានល្អនូវបញ្ហាជនភៀសខ្លួន។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់បន្ថែមថា ការងារអន្តោប្រវេសន៍ គឺជាកិច្ចការដែលមានសារៈសំខាន់ ក្នុងការរួមចំណែកការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍជាតិ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ជាប្រចាំ ក្នុងការចង្អុលដឹកនាំដោយផ្កោតលើបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ រៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ និងការកែសម្រួលបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ឱ្យបានសមស្របតាមសភាពការណ៍បច្ចុប្បន្ន។ ពង្រឹងបន្ថែមលើការគ្រប់គ្រងទិន្នន័យអ្នកដំណើរ ទិន្នន័យមុខសញ្ញា។ ពង្រឹងប្រសិទ្ធភាព និងលទ្ធភាពការងារគ្រប់គ្រងការស្នាក់នៅក្នុងប្រទេស ឱ្យកាន់តែច្បាស់លាស់។ យកចិត្តទុកដាក់ចង្អុលដឹកនាំការងារជនភៀសខ្លួន ប្រកបដោយភាពបត់បែន ឆ្លាតវៃ។បន្តខិតខំអភិវឌ្ឍអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យកាន់តែមានសមត្ថភាពថែមទៀត ក្នុងការទទួលរ៉ាប់រងតួនាទី ភារកិច្ចរបស់ខ្លួនឱ្យឆ្លើយតបតាមសំណូមពរជំនាញ។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍រួចមក លោកជំទាវ ទី បូរ៉ាស៊ី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។ ព័ត៌មានទាំងអស់នេះ គឺជាមូលដ្ឋានមួយដ៏សំខាន់ សម្រាប់ឱ្យគណៈកម្មការនានារបស់ព្រឹទ្ធសភា ជាពិសេសគណៈកម្មការទី៥ ដែលត្រូវចុះតាមដានការអនុវត្តច្បាប់ គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលជាវិស័យសមត្ថកិច្ចរបស់គណៈកម្មការទី៥ នៃព្រឹទ្ធសភា នៅតាមបណ្តាខេត្តដែលមានច្រកទ្វារព្រំដែន៕

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ