ព័ត៌មានថ្មីបំផុត


ពោធិ៍សាត់៖ នាថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទីដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារដោះស្រាយបណ្ដឹង បានអញ្ជើញបើកកិច្ចប្រជុំដោះស្រាយបណ្ដឹងតវ៉ា ដែលបានប្ដឹងតាំងពីឆ្នាំ២០១៨ មុនបញ្ចប់ឱសានវាទ មានចំនួន ១៤ករណី និងសុំកំណត់អត្តសញ្ញាណចំនួន០៤ករណី សរុប ១៨ករណី ស្ថិតនៅក្នុងខេត្តពោធិ៍សាត់។

នៅក្នុងការដោះស្រាយបណ្ដឹងតវ៉ា ជនបរទេសអន្តោប្រវេសន្តទាំង ១៨ករណីនេះ ក៏មានការចូលរួមពី លោកអនុប្រធាននាយកដ្ឋានជាអនុប្រធានក្រុមការងារដោះស្រាយបណ្ដឹងចំនួន ០៣នាក់, លោកឧត្តមសេនីយ៍ត្រី ស្នងការរងផែនអន្តោប្រវេសន៍ខេត្តពោធិ៍សាត់, លោកនាយការិយាល័យអន្តោប្រវេសន៍ និងការិយាល័យអនុវត្តន៍នីតិវិធី, លោកអធិការ-អធិការរង, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៣ឃុំ និងលោកមេឃុំទាំង ០៣ឃុំ មានឃុំកំពង់លួង, ឃុំក្បាលត្រាច និងឃុំបឹងកន្ទួត, លោកមេភូមិទាំង ០៧ភូមិ មានភូមិទី១, ភូមិទី២, ភូមិទី៤, ភូមិទី៥, ភូមិកំពង់លើ, ភូមិពោឃឿន និងភូមិឈើទាលខ្ពស់។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថេង មានប្រសាសន៍ថា ក្រុមការងារដោះស្រាយបណ្ដឹង បានចុះបំពេញការងារនេះ មានរយៈពេល ១៥ថ្ងៃ លើបណ្តឹងទាំង១៨ករណី នៅអធិការដ្ឋាននគរបាលស្រុកក្រគរចំនួន ១៣ករណី, អធិការដ្ឋាននគរបាលស្រុកភ្នំក្រវ៉ាញ ០១ករណី, អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ០២ករណី និងអធិការនគរបាលស្រុកកណ្ដៀង ០២ករណី ដើម្បីធ្វើការសាកសួរ និងសម្ភាសន៍តាមនីតិវិធី ដើម្បីស្វែងរកការពិត អំពីឯកសារភ័ស្តុតាង, សាក្សី, ប្រវត្តិកំណើតឲ្យបានជាក់លាក់៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ