ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មីក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួង រៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី។

កិច្ចប្រជុំនេះ បានប្រារព្ធឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា អង្គប្រជុំអន្ដរក្រសួងទាំងមូលបន្តពិនិត្យ និងពិភាក្សាលើមាត្រា១២ ដោយកាលពីកិច្ចប្រជុំលើកទី៥ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១កន្លងទៅ អង្គប្រជុំទាំងមូលបានបញ្ចប់ការពិភាក្សារលើមាត្រា១១ នៃជំពូកទី៣ រួចហើយ។

នៅក្នុងកិច្ចប្រជុំនេះដែរ ក្រុមបច្ចេកទេសអន្ដរក្រសួងក៏បានធ្វើការជជែក និងពិភាក្សា ពិគ្រោះយោបល់ដោយលើកយកនូវធាតុចូលសំខាន់ៗ ស្វែងរកការឯកភាពគ្នាដើម្បីធ្វើឱ្យសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនេះមានភាពល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា ៣ជំពូកដែលបានពិភាក្សា មានមាត្រាសរុប១៣ ហើយតាមរយៈកិច្ចប្រជុំពិភាក្សាកន្លងមក លើ៣ជំពូកនេះបានសម្រេច១១មាត្រាហើយ នៅសល់ ២មាត្រាទៀតត្រូវបានលើកមកជជែកពិភាក្សានៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជានេះ មានចំនួនសរុប៩ជំពូក និងចំនួន៥០មាត្រាដោយមានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេសដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូបដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្ដរជាតិ ដែលព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅមុនពេលដែលច្បាប់ នេះចូលជាធរមានហើយក៏ដោយ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ