នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ អញ្ជើញចុះមកត្រួតពិនិត្យ និងពង្រឹងកងកម្លាំងនគរបាលអន្តោប្រវេសន៍ នៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី
បាត់ដំបង៖ នៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជើញចុះមកត្រួតពិនិត្យ និងពង្រឹងកងកម្លាំងនគរបាលអន្តោប្រវេសន៍។
ក្នុងការចុះមកត្រួតពិនិត្យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ បានពង្រឹងនូវកិច្ចការមួយចំនួន មាន ១. ការងារជំនាញអន្តោប្រវេសន៍ ដោយច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ នៅក្នុងដំណាក់ការបិទព្រំដែននេះ ប៉ុន្តែយើងនៅមានការអនុវត្តការយោគយល់គ្នាទៅវិញទៅមក ពាក់ព័ន្ធការអនុញ្ញាតឲ្យទំនិញចេញ-ចូល ដោយមានអ្នកបើកបរពី ១ ទៅ ២នាក់, ការសម្របសម្រួលឲ្យពលករខ្មែរ ត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ និងមានការសម្របសម្រួលប្រតិភូខ្លះ នៅពេលដែលមានការជូនដំណឹងឲ្យគ្នាទៅវិញទៅមក។ កិច្ចការនេះ យើងបានពង្រឹងឲ្យបងប្អូនអនុវត្តកិច្ចការជំនាញអន្តោប្រវេសន៍ ឲ្យបានម៉ត់ចត់ក្នុងការបញ្ចូលទិន្នន័យ ទៅក្នុងប្រព័ន្ធ ហើយនឹងការកសាងលិខិតបទដ្ឋានមួយចំនួន បម្រើឲ្យផ្លូវច្បាប់ រួមទាំងការពង្រឹងការពិនិត្យមុខសញ្ញាបញ្ជីខ្មៅ (Alert List) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងការគ្រប់គ្រងពង្រឹងមន្ត្រីរបស់ខ្លួនឲ្យល្អប្រសើរ, ២. ការងារការពារការរាតត្បាតជម្ងឺកូវីដ-១៩ ដោយឲ្យបងប្អូនចូលរួមសហការឲ្យបានម៉ត់ចត់ ជាមួយក្រុមការងារចត្តាឡីស័ក នៅក្នុងការត្រួតពិនិត្យដែនសមត្ថកិច្ចស្លាបឆ្វេង-ស្ដាំរបស់ខ្លួន ដើម្បីកុំឲ្យមានការជ្រៀតចូលរបស់ពលករខ្មែរ ពីប្រទេសថៃចូលមកក្នុងប្រទេស លួចលាក់មិនបានចូលធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលសុវត្ថិភាព និងសហការជាមួយកងកម្លាំងផ្សេងៗ ដើម្បីទប់ស្កាត់ការលួចជ្រៀតចេញរបស់ពលករខ្មែរ ទៅក្នុងប្រទេសថៃវិញ, ៣. ការងារអនុវត្តច្បាប់ពាក់ព័ន្ធមុខសញ្ញាដែលមានដីកាតុលាការ ចំណុចនេះយើងបានពង្រឹងបងប្អូនឲ្យទទួលខុសត្រូវ អ្វីដែលជាភារកិច្ចរបស់ខ្លួន និងការសហការជាមួយកម្លាំងសមត្ថកិច្ច ដែលបានឈរជើងនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ, ការឃ្លាំមើលអ្នកដំណើរ ដែលជិះនៅលើរថយន្តដឹកទំនិញ, ការជ្រៀតចូលតាមព្រំដែន និងការសហការជាមួយភាគីថៃ ដើម្បីដោះដូរ និងផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ឲ្យបានមុនការដោះស្រាយអនុវត្តដីកានេះ។
ក្រៅពីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយករងអន្តោប្រវេសន៍ ក៏បានផ្ដាំផ្ញើបងប្អូនឲ្យចេះការពារជម្ងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ត់ចត់ ដូចជា ការពាក់ម៉ាស់, ពាក់របាំងមុខ, បាញ់អាល់កុលសម្អាតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ, ពាក់ស្រោមដៃ, គិតពីគម្លាតសុវត្ថិភាព, លាងសម្អាតខ្លួនប្រាណដោយសាប៊ូញឹកញាប់ និងកាត់បន្ថយការដើរហើរ ពីតំបន់មួយទៅតំបន់មួយដែលពុំចាំបាច់៕