ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ លី សុខគួង ជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខវាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានដឹកនាំការិយាល័យផ្តល់ទិដ្ឋាការ ចុះពិនិត្យ និងពង្រឹងការងារមន្ត្រីផ្តល់ទិដ្ឋាការ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានមន្ត្រីចូលរួមសរុប ៩១នាក់។

ក្រោយពីការត្រួតពិនិត្យវិន័យ ឯកសណ្ឋាន និងរបៀបរបបការងារ លោកឧត្តមសេនីយ៍ទោ បានពាំនាំជាមួយការផ្តាំផ្ញើការសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនាអគ្គនាយករង និងជាប្រធាននាយកដ្ឋាន ជូនដល់មន្ត្រីផ្តល់ទិដ្ឋាការ ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទាំងអស់ និងស្នើដល់កម្លាំងមន្ត្រីផ្តល់ទិដ្ឋាការ សូមបន្តយកចិត្តទុកដាក់លើការងារបដិសណ្ឋាកិច្ចទទួលស្វាគមន៍ភ្ញៀវ អ្នកដំណើរ ឲ្យបានកាន់តែល្អប្រសើរថែមទៀត និងការចូលរួមបង្ការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្ន ការត្រួតពិនិត្យបញ្ជីមុខសញ្ញាឆ្លងកាត់ចូលមកប្រទេសកម្ពុជា រួមចំណែកក្នុងកិច្ចការពារខឿនសន្តិសុខជាតិនៅច្រកទ្វារអន្តរជាតិ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានណែនាំបន្ថែមទៀត ដល់កម្លាំងមន្ត្រីផ្តល់ទិដ្ឋាការទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជាវិន័យកងកម្លាំងនគរបាលជាតិ និងតួនាទីភារកិច្ចរបស់ខ្លួន ទាំងនៅអង្គភាព និងនៅគោលដៅចុះប្រចាំការ ឲ្យបានខ្ជាប់ខ្ជួន ស័ក្តិសមជាមន្ត្រីល្អ បម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ ជាតំណាងថ្នាក់ដឹកនាំ សូមជូនពរកម្លាំងប្រចាំការផ្តល់ទិដ្ឋាការ សូមទទួលបានសុខភាពល្អសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ