លោកឧត្តមសេនីយ៍ទោ ជា ផល្លា អនុប្រធាននាយកដ្ឋាន ទទួលសម្ភារៈទប់ស្កាត់ និងការពារការឆ្លងជំងឺកូវីដ-១៩ ពីលោក ជា ច័ន្ទពិសិដ្ឋ និងលោកស្រី នាង រ៉ានី
ភ្នំពេញ៖ នាថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ជាផល្លា អនុប្រធាននាយកដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានអញ្ជើញដឹកនាំកម្លាំង ដើម្បីចូលរួមទទួលសម្ភារៈទប់ស្កាត់ និងការពារការឆ្លងជំងឺកូវីដ-១៩ ដែលជាអំណោយរបស់លោក ជា ច័ន្ទពិសិដ្ឋ និងលោកស្រី នាង រ៉ានី ដោយបានឧបត្ថម្ភសម្ភារៈការពារ និងបង្ការទប់ស្កាត់នឹងជម្ងឺកូវីដ-១៩ កំពុងរាលដាលទូទាំងពិភពលោក ក្នុងអាស៊ី ជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជា និងសហគមន៍យើង។
លោកឧត្តមសេនីយ៍ទោ ជា ផល្លា អនុប្រធាននាយកដ្ឋាន បានទទួលសម្ភារៈការពារ និងបង្ការទប់ស្កាត់នឹងជម្ងឺកូវីដ-១៩ មានដូចជា ៖ ជែលសម្រាប់លាងដៃមានចំនួន ៥០០ឈុត និងទឹកអាល់កុលសម្រាប់បាញ់សម្លាប់មេរោគមានចំនួន ១៥កាន។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ បានមានប្រសាសន៍ ក្នុងនាមតំណាងឱ្យ ឯកឧត្តម ប្រធាន ថ្នាក់ដឹកនាំ និងមន្រ្តីក្នុងនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា សូមពាំនាំប្រសាសន៍ថ្លែងអំណរ អរគុណ យ៉ាងជ្រាលជ្រៅ និងផ្ដាំផ្ញើរសួរសុខទុក្ខ ហើយសូមជូនពរជូនចំពោះលោក លោកស្រី និងក្រុមគ្រួសារ ជាម្ចាស់អំណោយ ទទួលបាននូវពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងប្រកបកិច្ចការអ្វីបានសម្រេច ជាពិសេសជៀសផុតពីរោគចម្លងចង្រៃកូវីដ-១៩នេះ កុំបីឃ្លៀងឃ្លាតឡេីយ៕