កិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីដំណើរការផលិតប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់ជនបរទេសអន្តោប្រវេសន្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីដំណើរការផលិតប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់ជនបរទេសអន្តោប្រវេសន្ត ការកត់ត្រាចូលក្រាំងបញ្ជីទិន្នន័យ និងការតម្លើងប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោបរវេសន្ត (IMS) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញដែលពាក់ព័ន្ធ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌឹម រ៉ា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត បានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះការផលិតបញ្ជីស្ថិតិសម្រាប់ប្រថាប់ត្រាក្រសួងមហាផ្ទៃ បានចំនួន ១០ខេត្ត រួមមាន ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តកំពត ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តមណ្ឌលគិរី ខេត្តកែប ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តព្រះវិហារ ព្រមទាំងកំពុងផលិត និងផ្ទៀងផ្ទាត់ ចំនួន ១៥ រាជធានី-ខេត្ត ក្នុងរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តកំពង់ចាមខេត្តក្រចេះ ខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ធំនិងខេត្តសៀមរាប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកទាក់ទងនឹងការធ្វើបច្ចុប្បន្នភាព លើប្រព័ន្ធគ្រប់គ្រងជនបទេសអន្តោប្រវេសន្តដំណើរការលើកុំព្យូទ័រ ជំនាន់ទី៦.២ និងធ្វើបច្ចុប្បន្នភាពប្រពន្ធត្រួតពិនិត្យលើទូរស័ព្ទ IMS App ជំនាន់ទី៣.៥ និងបានបញ្ចូលទិន្នន័យជនបរទេសអន្តោប្រវេសន្ត ទៅក្នុងប្រព័ន្ធ IMS ។ ឯកឧត្តម ប្រធាននាយកដ្ឋាន ក៏បានលើកឡើងពី បញ្ហាប្រឈម និងសំណូមពរ ក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យ នេះផងដែរ។
នៅក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានមានមតិណែនាំដល់មន្ត្រីជំនាញទាំងអស់ យកចិត្តទុកដាធ្វើយ៉ាងណា ដើម្បីបញ្ចប់បញ្ជីស្ថិតិជនបទេសអន្តោប្រវេសន្ត សម្រាប់ប្រថាប់ត្រាក្រសួងមហាផ្ទៃ ឲ្យបានចប់សព្វគ្រប់មុនដំណាច់ឆ្នាំ។ ជាមួយគ្នានេះ ក៏ត្រូវខិតខំធ្វើឲ្យបានសម្រេចការក៏សាងឯកសារអេឡិចត្រូនិច គឺការការកត់ត្រាចូលក្រាំងបញ្ជីទិន្នន័យ និងការតម្លើងប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោបរវេសន្ត (IMS) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ក៏បានបញ្ជាក់ដែរថា ភារកិច្ចចាំបាច់ដែលនាយកដ្ឋានជនបទេសអន្តោប្រវេសន្តត្រូវធ្វើជាប្រចាំនោះ គឺការផ្តល់បណ្ណ័ស្នាក់នៅអចិន្ត្រៃយ៍ និងការត្រួតពិនិត្យសុពលភាព ដើម្បីអាចធ្វើការគ្រប់គ្រងជនបទេសអន្តោប្រវេសន្តប្រកបដោយដោយប្រសិទ្ធិភាព៕