កិច្ចប្រជុំរបស់គណៈកម្មការបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍អាស៊ានលើកទី៣ នៅប្រទេសឥណ្តូនេស៊ី
ឥណ្តូនេស៊ី៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានបរទេសមិនមែនអន្តោប្រវេសន៍ និងបច្ចេកវិទ្យា នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ របស់គណៈកម្មការបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍អាស៊ាន (ASEAN Immigration Training Committee Meeting) ជាលើកទី៣ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងតាងចេរ៉ាង ប្រទេសឥណ្តូនេស៊ី។
កិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃប្រទេសកម្ពុជា បានស្នើផ្តួចផ្តើមបង្កើតគណៈកម្មការបណ្តុះបណ្តាលនេះ ក្នុងគោលបំណងឈានទៅបង្កើតមណ្ឌលបណ្តុះបណ្តាល ជំនាញអន្តោប្រវេសន៍ នៅកម្ពជា សម្រាប់មន្ត្រីជំនាញ នៃប្រទេសសមាជិកអាស៊ានមកសិក្សា ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងព័ត៌មានគ្នាទៅវិញទៅមក ក្រោមកិច្ចសហការគាំពារ ពីសំណាក់រដ្ឋាភិបាលអូស្ត្រាលី។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងមន្ត្រីអន្តោប្រវេសន៍អាស៊ានទាំង១០ លេខាធិការដ្ឋានអាស៊ាន និងដៃគូពិភាក្សាអូស្ត្រាលី សរុបចំនួន២២រូប៕