ប្រើថ្នាំងងុយដេកច្រើនពេក ទើបបណ្តាលឲ្យជនបរទេសម្នាក់ស្លាប់
សៀមរាប៖ មានករណីជនបរទេសម្នាក់ បានស្លាប់ នៅចំណុចបន្ទប់លេខ១៥៣ សណ្ឋាគារ បុរីអង្គរ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប នាវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ TRATTER TREVOR JOSEPH ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ អូស្ត្រាលី ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍ EXPEDIA ស្នាក់នៅសណ្ឋាគារកើតហេតុខាងលើ។
ផ្អែកតាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយប្រើថ្នាំងងុយដេកច្រើនហួសកម្រិត។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅសាលតម្កល់សពស្ទឹងមានជ័យរាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេច របស់ក្រុមគ្រួសារ និងស្ថានទូត៕