ព័ត៌មានថ្មីបំផុត


ជួបពិភាក្សាជាមួយគណៈប្រតិភូតំណាងស្ថានទូតចិន

 

នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំអគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធ ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូតំណាងស្ថានទូតចិនសរុបចំនួន ៥រូប ដឹកនាំដោយ ឯកឧត្តម ZHAO HAIYAN អគ្គទីប្រឹក្សាទូតទទួលបន្ទុកកិច្ចការកុងស៊ុល ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

 

ក្នុងជំនួបនេះ ភាគីទាំងពីរបានលើកអំពីកិច្ចខិតខំប្រឹងប្រែងជួយគ្នាទៅវិញទៅមក លើការសម្របសម្រួលបញ្ហាកន្លងមកពាក់ព័ន្ធនឹងកិច្ចការកុងស៊ុលដល់ពលរដ្ឋចិន ដែលធ្វើការ និងស្នាក់នៅស្របច្បាប់នៅកម្ពុជា, ការបន្តគាំទ្រអនុវត្តច្បាប់ចំពោះពលរដ្ឋចិនដែលល្មើសច្បាប់នៅកម្ពុជា និងការបន្តពឹងផ្អែកគ្នាទៅវិញទៅមកលើការផ្សព្វផ្សាយអំពីចំណុចវិជ្ជមានកម្ពុជា-ចិន សំដៅលើកកម្ពស់កិត្យានុភាពជាតិទាំងពីរ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងវិនិយោគនៅកម្ពុជា។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ បានស្នើភាគីចិនជួយផ្សព្វផ្សាយដល់ប្រជាជនចិនអំពីការប្រើប្រាស់ប្រព័ន្ធសាលាប័ត្រចូលកម្ពុជា (Cambodia e-arrival) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបំពេញ និងចំណេញពេលវេលាក្នុងការមកទេសចរណ៍ ឬមកវិនិយោគនៅកម្ពុជា។ ចំពោះសំណូមពរនេះ ភាគីចិនបានទទួលយក និងជួយផ្សព្វផ្សាយបន្តដល់ប្រជាជនចិន និងក្រុមហ៊ុនទេសចរណ៍នៅប្រទេសចិន៕

 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ