ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែឧសភាឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់នាយកដ្ឋានច្រកទ្វារទី២

 

នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២។

 

ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ លោកនាយប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិ លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគី លោកនាយប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែន លោកនាយប៉ុស្តិ៍ច្រកទ្វារកំពង់ផែសមុទ្រ នាយរងប៉ុស្តិ៍ និងនាយផ្នែកមួយចំនួន។ 

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង បានមានមតិស្វាគមន៍ និងបើកកិច្ចប្រជុំព្រមទាំងបានលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ។

 

កិច្ចបន្ទាប់ ឯកឧត្តម បានអនុញ្ញាតអោយលោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ ឡើងរាយការណ៍ពីវត្តមានអនុប្រធាននាយកដ្ឋាន និងលោកនាយប៉ុស្តិ៍ រួចបានអនុញ្ញាតអោយលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ ឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅខែបន្ទាប់ ព្រមទាំងអាននូវសេចក្តីសម្រេចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្តីពីការបែងចែក និងការប្រគល់ភារកិច្ចជូនប្រធាន អនុប្រធាននាយកដ្ឋានច្រកទ្វារទី២។

 

បន្ទាប់មកក៏បានអនុញ្ញាតឱ្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីជ្រៃធំ និងប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់កំពង់ផែស្រែអំបិល ឡើងធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាពរបស់ប៉ុស្តិ៍ ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរជូនថ្នាក់ដឹកនាំដើម្បីរកដំណោះស្រាយ។ 

 

ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានមានមតិណែនាំ៣ចំណុចធំៗ ពាក់ព័ន្ធការគ្រប់គ្រងកម្លាំងត្រូវរឹតបណ្តឹងមន្រ្តីនៅតាមបណ្តាប៉ុស្តិ៍នៅពេលបំពេញការងារត្រូវស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ព្រមទាំងណែនាំឱ្យយកចិត្តទុកដាក់ត្រួតពិនិត្យរាល់បញ្ជីមុខសញ្ញាផ្សេងៗ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ក្នុងនោះដែរក៍បានណែនាំការិយាល័យជំនាញបង្កើតក្រុបដោយមានការចូលពីប៉ុស្តិ៍ច្រកទ្វារទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ។

 

ជាកិច្ចបន្ទាប់ លោកជំទាវ ឧត្តមសេនីយ៍ទោ អគ្គនាយករង បានណែនាំពីបទវិន័យនគរបាលជាតិ និងរឹតបណ្តឹងពីវត្តមានមន្រ្តីតាមបណ្តាប៉ុស្តិ៍ ព្រមទាំងឲ្យពិនិត្យមើលឡើងវិញនូវក្រុមប្រឹក្សាវិន័យតាមបណ្តាប៉ុស្តិ៍ ដើម្បីផ្លាស់ប្តូរសមាសភាពថ្មីសម្រាប់មន្រ្តីដែលចូលនិវត្តន៍ ក្នុងនោះដែរក៍បានណែនាំលោកនាយប៉ុស្តិ៍ស្រង់ឈ្មោះ មន្រ្តី ដែលធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាល និងមិនដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលមកការិយាល័យរដ្ឋបាលសរុប និងបានណែនាំពីការលើកកំពស់យេនឌ័រ។

 

មុនកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ បានចូលរួមមតិបូកសរុប និងបានធ្វើការកោតសរសើរក្រុមការងាររបស់នាយកដ្ឋាន ព្រមទាំងធ្វើការណែនាំ និងដោះស្រាយរាល់បញ្ហាប្រឈមនិងសំណូមពរ របស់លោកនាយប៉ុស្តិ៍ទាំងបីផងដែរ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ