ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក សូ ខនបញ្ញារិទ្ធ អគ្គនាយករង និង ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២២ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។ កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការចូលរួមពី លោក-លោកស្រី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីទាំងអស់សរុបចំនួន ១០២នាក់ ស្រី០៥នាក់។

បន្ទាប់ពីស្តាប់របាយការណ៍ និងមតិចូលរួមរបស់នាយការិយាល័យ អនុប្រធាន និងប្រធាននាយកដ្ឋានរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានចាត់ទុកការងាររបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី គឺជាភារកិច្ចស្នូលដ៏សំខាន់ក្នុងចំណោមភារកិច្ចផ្សេងៗទៀតរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ សំដៅធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសទទួលបានការចូលរួមពេញលេញពីសំណាក់ជនបរទេសក្នុងការបំពេញកាតព្វកិច្ចនានាដែលកំណត់ដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងារដែលសម្រេចបានក្នុងខែមេសា កន្លងមកនេះ ទោះបីជាជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែលក៏ដោយ ដែលលទ្ធផលទាំងនេះ គឺផ្តើមចេញពីការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីមន្រ្តីគ្រប់ថ្នាក់។  

ជាមួយនឹងសមិទ្ធផលសម្រេចបានខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានកត់សម្គាល់នូវបញ្ហាប្រឈមមួយចំនួនដែលត្រូវរួមគ្នាបន្តដោះស្រាយ និងបានណែនាំឲ្យបន្តពង្រឹងការអនុវត្តនីតិវិធីច្បាប់និងការគ្រប់គ្រងស្នាក់ការត្រៀមបណ្តេញចេញ បង្កើនសកម្មភាពស៊ើបអង្កេតដើម្បីឈានដល់ការបង្ក្រាបសកម្មភាពខុសច្បាប់បង្កដោយជនបរទេស និងយកចិត្តទុកដាក់ពង្រឹងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសហៅកាត់ថាFPCS ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

មុននឹងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើឲ្យបន្តខិតខំបង្កើនសមត្ថភាពតាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ឬតាមអនឡាញ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុង រួមគិត រួមអនុវត្ត ដើម្បីការរីកចម្រើនរបស់អង្គភាព ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ