ព័ត៌មានថ្មីបំផុត


នាព្រឹកថ្ងៃព្រហស្បតិ៍ ០៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអេឡិចត្រូនិច (Zoom Meeting) នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែមករា ឆ្នាំ២០២២ របស់នាយកដ្ឋានក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន ព្រមទាំងមានការចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ នាយផ្នែកចាំបាច់មួយចំនួន។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បានអនុញ្ញាតឲ្យលោកនាយការិយាល័យរដ្ឋបាលសរុប (ស្តីទី) អាននូវសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ជូនអង្គប្រជុំជ្រាប។

ជាមួយគ្នានោះ ក៏មានការចូលរួមក្នុងការកែសម្រួលពាក្យពេជន៍ ខ្លឹមសារ អក្ខរាវិរុទ្ធ មួយចំនួនទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ ពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋានផងដែរ។

ក្នុងកិច្ចប្រជុំ ក៏មានការចូលរួមធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពក្នុងការអនុវត្តន៍ការងារជំនាញដែលបានអនុវត្តកន្លងមក ក៏ដូចជាបញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តបន្ត តាមបណ្តាការិយាល័យជំនាញទាំងបី។

ទន្ទឹមនឹងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈម និងសំណូមពរដែលការិយាល័យជំនាញទាំងបីបានលើកឡើង ព្រមទាំងបានណែនាំការងារជំនាញ ក៏ដូចជាដាក់ចេញនូវទិសដៅអនុវត្តការងារបន្តដល់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងការិយាល័យជំនាញ ដូចមានខាងក្រោម៖

-បន្តគ្រប់គ្រងបញ្ជីវត្តមានមន្រ្តីក្រោមឱវាទឲ្យបានជាប់ជាប្រចាំ និងត្រូវផ្សព្វផ្សាយប្រមូលមន្រ្តីក្រោមឱវាទរបស់ខ្លួន ឲ្យមកចូលបំពេញការងារជាប្រក្រតីភាពវិញ ដោយត្រូវបន្តរក្សា និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងមាត់។

-ត្រៀមរៀបចំឯកសារ របាយការណ៍ និងការងារផ្សេងៗទុកជាមុន ដើម្បីធានា និងដោះស្រាយឲ្យបានទាន់ពេលវេលា ដែលជាតម្រូវការរបស់ថា្នក់ដឹកនាំនាយកដ្ឋាន ក៏ដូចជាអគ្គនាយកដ្ឋាន។

-ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ ដែលមានភារកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ ប្រចាំឆ្នាំ២០២២ ត្រូវពន្លឿនក្នុងការបំពេញសំណុំបែបបទ ជូនអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបានទាន់ពេលវេលា។

-ពន្លឿននូវការសិក្សារ រៀបចំ បង្កើតនូវសៀវភៅកត់ត្រារាល់មនុស្ស និងមធ្យោយបាយចូល-ចេញប្រទេស ឲ្យបានឆាប់រហ័ស។

-ពន្លឿននូវការរៀបចំធ្វើរបាយការណ៍ប្រចាំឆ្នាំ ក៏ដូចជាផែនការសកម្មភាពការងារ របស់នាយកដ្ឋាន ជូនថា្នក់ដឹកនាំអគ្គនាយកដ្ឋាន ឲ្យបានទាន់ពេលវេលា ជ្រៀសវាងមានការយឺតយ៉ាវ។

-បន្តណែនាំដល់គ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ តាមដាន ត្រួតពិនិត្យនូវរាល់សកម្មភាព មធ្យោបាយ ក៏ដូចជាទិន្នន័យរបស់ភ្ញៀវទេសចរណ៍ចូល-ចេញប្រទេស ឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

-បន្តក្រើនរំលឹកដល់គ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ចំណុះនាយកដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះមុខសញ្ញាបញ្ជីខ្មៅ ជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីមុខសញ្ញាអន្តោប្រវេសន៍ឲ្យបានជាប់ជាប្រចាំ ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ