ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ មហាសន្និបាតសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាដែលបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ (ទី៦) ឆ្នាំ២០១៧-២០២១ របស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះបានបន្តគាំទ្រ ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មីទៀត ។

មហាសន្និបាតសម្រេចបាននូវសមាសភាព គណៈកម្មាធិការប្រតិបត្តិ សរុបចំនួន១៧រូប ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធាន និងអនុប្រធានទី១ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ដួង ហេង និងអនុប្រធានទី២ លោក តែ សុខហុង អមដោយអនុប្រធាន៥រូប និងលោក ស៊ុន សុទ្ធារិទ្ធ ជាអគ្គលេខាធិការ ព្រមទាំងសមាជិកមួយចំនួនទៀត។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធ បានរាយការណ៍ជូនពីស្ថានភាពលំបាក និងផលវិជ្ជមាន ដែលជាសមិទ្ធផល ដែលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រឹងប្រែងបន្តដំណើរការអភិវឌ្ឍពេញ១អាណត្តិកន្លងទៅនេះ។ បច្ចុប្បន្ននេះ សហព័ន្ធមានក្លិប-សមាគម ក្រុមហ៊ុន សាលារៀន សរុបចំនួន ២៤ មានកីឡាករ កីឡាការិនីជាង ១៧០នាក់។ សហព័ន្ធក៏មានមន្ត្រីអាជ្ញាកណ្តាល ចំនួន២៥ រូប អាជ្ញាកណ្តាលអន្តរជាតិ១រូបផងដែរ។ ជាមួយគ្នានេះ សហព័ន្ធក៏បានរៀបចំបង្កើតគណៈកម្មការបច្ចេកទេស ក្នុងគោលបំណងអភិវឌ្ឍបច្ចេកទេស ក្នុងការហ្វឹកហាត់ និងការរៀបចំការប្រកួតនានា ជាលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងសកម្មភាពការងារជាច្រើនទៀតផងដែរ។

ក្នុងនាមប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា អាណត្តិថ្មី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្មថ្មីៗបន្តទៀត ជាពិសេសគឺដំណើរអភិវឌ្ឍឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានសម្តែងក្តីរីករាយក្រៃលែង និងមានកិត្តិយស ដែលសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ បានផ្តល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់ ក្នុងការបោះឆ្នោតជូនឯកឧត្តមមកបន្តដឹកនាំសហព័ន្ធ អាណត្តិទី៧នេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា អាណត្តិទី៧នេះ គឺជាអាណត្តិយុទ្ធសាស្ត្រដ៏សំខាន់បំផុត ក្នុងអំឡុងដែលព្រះរាជណាចក្រកម្ពុជាត្រៀមឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣។ ដើម្បីជាការឆ្លើយតបទៅនឹងទំនុកចិត្តនេះ ឯកឧត្តមបានប្តេជ្ញាចិត្តខ្ពស់ ដើម្បីជំរុញឲ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសឲ្យទទួលបានជោគ ជ័យក្នុងការប្រកួតកីឡា SEA GAMES លើក លើកទី៣២ ឆ្នាំ២០២៣។

នៅក្នុងមហាសន្និបាតនេះឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតំណាងក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដែលបានដឹកនាំសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាមានភាពល្អប្រសើរក្នុងអាណត្តិកន្លងទៅ ហើយក៏បានអបអរសារទរចពោះការដឹកនាំរបស់គណកម្មាធិការប្រតិបត្តនៅអាណត្តិថ្មីបន្តទៀត ។ ឯកឧត្តម អ៊ុក សិទ្ធិជាតិក៏បានថ្លែងអំណរគុណដល់ស្ថាប័នឯកជនដែលបាននិងកំពុងជួយគាំទ្រ ឧបត្ថម្ភដល់សហព័ន្ធរួមជាមួយនឹងប្រាក់ឧបត្ថម្ភ និងប្រាក់រង្វាន់របស់ក្រសួងអាចនឹងធ្វើឲ្យការដឹកនាំនិងសមត្ថភាពរបស់កីឡាវាយកូនឃ្លីលើតុកានតែរីចម្រើន។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជាតំណាងឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក៏បានមានប្រសាសន៍ឲ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ត្រូវមានយុទ្ធសាស្រ្តនិងយុទ្ធវិធីយ៉ាងណាដើម្បីជំរុញឲ្យផ្នែកកីឡាវាយកូនឃ្លីលើតុរបស់កម្ពុជានេះមានភាពខ្លាំងក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ និងការប្រកួតអន្តរជាតិនាពេលខាងមុខទៀត ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ