ព័ត៌មានថ្មីបំផុត


នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំត្រៀមបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រប់គ្រងម៉ាស៊ីនស្កេន និងត្រៀមរៀបចំតម្លើងម៉ាស៊ីនស្កេនកាំរស្មីអ៊ិចត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលនូវសារធាតុគ្រឿងញៀន និងសព្វាវុធ តាមបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលជប៉ុនចំនួន ១១គ្រឿង ប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទុកសម្រាប់ប្រើប្រាស់ ជាពិសេស ដើម្បីចូលរួមជាចំណែកមួយ ក្នុងការរក្សានូវសន្តិសុខ និងសុវត្ថិភាពដល់កិច្ចប្រជុំអាស៊ានលើកទី៤០ ឆ្នាំ២០២២ នាពេលខាងមុខ ដែលប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប លោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ លោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ លោកនាយការិយាល័យទំនាក់ទំនងអន្តរជាតិ លោកនាយការិយាល័យភស្តុភារនិងគណនេយ្យ និងអស់លោកដែលជានាយរងប៉ុស្តិ៍តំណាងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចំនួន១១រូប ។

ជាកិច្ចចាប់ផ្តើមក្នុងអង្គប្រជុំព្រឹកនេះ ក៏មានការអានសេចក្តីសម្រេចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសគ្រប់គ្រងម៉ាស៊ីនស្កេនកាំរស្មីអ៊ិច ដែលមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ ជាប្រធានក្រុមការងារ និងអនុប្រធាន-សមាជិក សរុបទាំងអស់មានចំនួន១៩រូប។

កិច្ចប្រជុំបានផ្តោតសំខាន់ លើការងារត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រប់គ្រងម៉ាស៊ីនស្កេន និងការត្រៀមតម្លើងម៉ាស៊ីនស្កេនកាំរស្មីអ៊ិចនៅតាមបណ្តាច្រកទ្វារព្រំដែនអន្តរជាតិក្នុងព្រះរាជាណាចក្រកម្ពុជា សរុបចំនួន១១ទីតាំង ដែលនឹងមកដល់ក្នុងដើមឆ្នាំ២០២២នាពេលខាងមុខ។

បន្ថែមពីលើនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារ ក៏បានពាំនាំមតិផ្តាំផ្ញើរដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដល់នាយរងប៉ុស្តិ៍តំណាងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំង១១រូប ដែលបានចូលរួមក្នុងអង្គប្រជុំ ត្រូវជួយថែរក្សាគ្រប់គ្រងឱ្យបានល្អប្រសើរ និងស្ថិតស្ថេរគង់វង្សបានយូរអង្វែងក្រោយពេលទទួលម៉ាស៊ីនស្កេនដាក់តាមទីតាំងដែលបានគ្រោងទុក ជាពិសេស ត្រូវប្រើប្រាស់ឱ្យចំទិសដៅ និងអនុវត្តតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រគល់ជូន ឱ្យទទួលបានប្រសិទ្ធភាព និងសាកសិទ្ធភាព៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ