ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានអញ្ជើញចូលរួមទទួលស្វាគមន៍ និងជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ភ្នំពេញ៖ កាលពីរសៀលថ្ងៃចន្ទទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមទទួលស្វាគមន៍ និងជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលមានគោលបំណងពិភាក្សាអំពីការពន្លឿនកិច្ចព្រមព្រៀងប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនគោក និងរបបគ្រប់គ្រងប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនគោករវាង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងអង្គភាព និងមន្ត្រីពាក់ព័ន្ធផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍ ស្វាគមន៍ និងសម្តែងនូវក្តីរីករាយចំពោះការអញ្ជើញរបស់ឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំគណៈប្រតិភូ មកសម្តែងការគួរសម និងជួបប្រជុំជាមួយគណៈប្រតិភូក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាលើការងារពាក់ព័ន្ធមួយចំនួននាពេលនេះ។
ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាន៍ជម្រាបជូនឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថា ស្ថានភាពនៃប្រទេសកម្ពុជាបច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងតែបើកដំណើរការប្រទេសឡើងវិញស្ទើរទាំងស្រុង បន្ទាបពីកម្ពុជាមានស្ថានភាពធូរស្រាល ដែលបានទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ បានជោគជ័យ។
ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា បន្ទាប់ពីការបើកប្រទេសឱ្យដំណើរការឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ និងពិនិត្យមើលឡើងវិញនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាជាមួយប្រទេសវៀតណាមបន្តទៀត ជាពិសេសការងារបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឱ្យដំណើរការឡើងវីញផងដែរ។
នាឱកាសនោះ ឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរគុណចំពោះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងគណៈប្រតិភូក្រសួងមហាផ្ទៃ ដែលបានអញ្ជើញទទួលស្វាគមន៍ និងជួបប្រជុំយ៉ាងកក់ក្តៅនាពេលនេះ។ ហើយជាមួយគ្នានេះឯកឧត្តម បានសម្តែងការអបអរសាទរដល់កម្ពុជាដែលបានយកឈ្នះលើជំងឺកូវីដ-១៩យ៉ាងធំធេង ខណៈវៀតណាមកំពុងតែមានការប្រឈមកាន់តែខ្លាំងឡើងដដែល។ ឯកឧត្តម បានជម្រាបជូនថា ក្នុងកិច្ចជំនួបពិភាក្សាការងារនេះ ឯកឧត្តម មានគោលបំណង ស្នើដល់ភាគីកម្ពុជាជួយពិនិត្យលទ្ធភាពរៀបចំបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួនមិនទាន់បានបើកដំណើរការនៅឡើយ ហើយក៏ដូចជាស្នើឱ្យមានការពិនិត្យ និងពិភាក្សាគ្នារវាងប្រទេសទាំងពីរដើម្បីរៀបចំឱ្យមានការតម្លើងនូវច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត ព្រមទាំងស្នើឱ្យកម្ពុជាសហការរួមគ្នារៀបចំកិច្ចការងារពាក់ព័ន្ធមួយចំនួននៅតាមខ្សែបន្ទាប់ព្រំដែននៃប្រទេសទាំងពីរ ធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរមានស្ថេរភាពជានិរន្ត៍។
ជាការឆ្លើយតប ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានប្រសាសន៍ថា ឯកឧត្តម ទទួលយកសំណើ ក៏ដូចជាការលើកឡើងរបស់ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយនិងពិនិត្យមើល និងប្រជុំពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាពិនិត្យ និងសម្រេចបន្ត។ ដោយឡែកកិច្ចព្រមព្រៀង ឬក៏លក្ខណៈដទៃដែលមានជាមួយគ្នាកន្លងមក ឯកឧត្តម និងពិនិត្យមើលឡើងវិញដើម្បីរៀបចំការងារបើកច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ ដើម្បីជួយសម្រួលដល់ការរស់នៅ និងទំនាក់ទំនងដោះដូរទំនិញរបស់ប្រទេស ពលរដ្ឋទាំងពីរមានភាពល្អប្រសើរឡើងវិញ៕