តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចុះមកជួបសំណេះសំណាល ក៏ដូចជានាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ជូនដល់កងកម្លាំងនគរបាលជាតិ
នាព្រឹកថ្ងៃសៅរិ៍ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចុះមកជួបសំណេះសំណាល ក៏ដូចជានាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ជូនដល់កងកម្លាំងនគរបាលជាតិ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែកការិយាល័យ នាយ-នាយរងផ្នែកប៉ុស្តិ៍ និងមន្ត្រី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានអនុញ្ញាតឲ្យលោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែកទាំងបួន ធ្វើសេចក្តីរាយការណ៍អំពីសភាពការណ៍ តួនាទីភាកិច្ច ការអនុវត្តន៍ការងារជំនាញ បញ្ហាប្រឈម និងសំណូមពរ ដែលបានជួបប្រទះកន្លងមក ក៏ដូចជាជីវភាពក្នុងការរស់នៅប្រចាំថ្ងៃ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានធ្វើការណែនាំការងារជំនាញមួយចំនួន មានដូចខាងក្រោម៖
-បន្តពង្រឹងការគ្រប់គ្រងបញ្ជីវត្តមានរបស់មន្ត្រីក្រោមឱវាទឲ្យបានម៉ត់ចត់។
-ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិឲ្យបានម៉ឺងម៉ាត់ ស្លៀកពាក់ឯកសណ្ឋានការងារឲ្យសមជាមន្ត្រីនគរបាលជាតិ និងត្រូវអនុវត្តន៍ការងារទៅតាមឋានានុក្រមនៃការងារ។
-បន្តរក្សាការសហការ គោរពគ្នាទៅវិញទៅមក និងសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អប្រសើរ ហើយត្រូវធ្វើការបែងចែកការងារ ក៏ដូចជាចែករំលែកនូវផលលាប ឲ្យមានតម្លាភាព និងសុក្រឹត្យភាព។
-ពង្រឹងការកត់ត្រានូវទិន្នន័យមនុស្ស និងមធ្យោបាយទំនិញចូល-ចេញប្រទេស ឲ្យបានជាក់លាក់ និងត្រូវបញ្ចូលទិន្នន័យភ្ញៀវទេសចរណ៍ចូល-ចេញប្រទេស ចូលទៅក្នុងប្រពន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ឲ្យបានច្រើនបំផុត ឲ្យអស់ពីលទ្ធភាព គ្រប់ជ្រុងជ្រោយ និងត្រូវសម្អាត ថែទាំម៉ាស៊ីនឲ្យបានជាប់ជាប្រចាំ ជាពិសេសត្រូវបន្តបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នូវរាល់បញ្ជីមុខសញ្ញាឲ្យបានម៉ឺងមាត់។
-បន្តពង្រឹងនូវការបំពេញសាលកប័ត្ររបស់ភ្ញៀវចូល-ប្រទេស ឲ្យបានពេញលេញ ច្បាស់លាស់ ជាពិសេសចំនុចអាស័យដ្ឋាន និងលេខទំនាក់ទំនង។
-បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យការពារខ្លួនឲ្យរួចផុតពីការឆ្លងនូវជំងឺកូវីដ-១៩ តាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៍ដូចជាគោលការណ៍ក្រសួងសុខាភិបាល (៣ការពារ និង ៣កុំ)។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានធ្វើការប្រគល់ជូននូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ និងអាវយឺត ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ក៏បានអញ្ជើញបន្តដំណើរចុះត្រួតពិនិត្យជាក់ស្តែងនូវទីតាំងភូមិសាស្ត្រ និងអគារស្នាក់នៅរបស់មន្ត្រីផងដែរ ៕