ព័ត៌មានថ្មីបំផុត


នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១​ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងពេលរសៀល នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចុះមកជួបសំណេះសំណាល ក៏ដូចជានាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ជូនដល់កងកម្លាំងនគរបាលជាតិ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែកការិយាល័យ នាយ-នាយរងផ្នែកប៉ុស្តិ៍ និងមន្ត្រី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានអនុញ្ញាតឲ្យលោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែកទាំងបួន ធ្វើសេចក្តីរាយការណ៍អំពីសភាពការណ៍ តួនាទីភាកិច្ច ការអនុវត្តន៍ការងារជំនាញ បញ្ហាប្រឈម និងសំណូមពរ ដែលបានជួបប្រទះកន្លងមក ក៏ដូចជាជីវភាពក្នុងការរស់នៅរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានណែនាំដល់លោកនាយប៉ុស្តិ៍ ត្រូវបន្តពង្រឹងការគ្រប់គ្រងបញ្ជីវត្តមានរបស់មន្ត្រីក្រោមឱវាទឲ្យបានម៉ត់ចត់ និងត្រូវពិនិត្យសិក្សាឡើងវិញនូវការបែងចែកតួនាទីភារកិច្ចរបស់លោកនាយរងប៉ុស្តិ៍ទទួលបន្ទុកតាមផ្នែកនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការអនុវត្តន៍ និងទទួលខុសត្រូវចំពោះការងារ។ មិនតែប៉ុណ្ណោះ​ ឯកឧត្តម ក៏បានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវស្លៀកពាក់ឯកសណ្ឋានការងារឲ្យសមជាមន្ត្រីនគរបាលជាតិ និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អប្រសើរ ជាពិសេសត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យការពារខ្លួនឲ្យរួចផុតពីការឆ្លងនូវជម្ងឺកូវីដ-១៩ តាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៍ដូចជាគោលការណ៍ក្រសួងសុខាភិបាល (៣ ការពារ និង ៣កុំ)។

ឯកឧត្តម បានណែនាំសង្កត់ធ្ងន់លើការកត់ត្រានូវមធ្យោបាយទំនិញចូល-ចេញប្រទេស ឲ្យបានជាក់លាក់ និងត្រូវបញ្ចូលទិន្នន័យភ្ញៀវចូល-ចេញប្រទេស ចូលទៅក្នុងប្រពន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ឲ្យបានច្រើនបំផុត ឲ្យអស់ពីលទ្ធភាព និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវបន្តបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នូវរាល់បញ្ជីមុខសញ្ញាឲ្យបានម៉ឺងមាត់។

ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានធ្វើការប្រគល់ជូននូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ និងអាវយឺត ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងពីរ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ក៏បានអញ្ជើញបន្តដំណើរចុះត្រួតពិនិត្យជាក់ស្តែងនូវទីតាំងភូមិសាស្ត្រ និងអគារស្នាក់នៅរបស់មន្ត្រីផងដែរ។

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ