ព័ត៌មានថ្មីបំផុត


សៀមរាប​៖​ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាបបានស្វាគមន៍ជើងហោះហើរអន្តរជាតិលើកដំបូងមកពីប្រទេសសឹង្ហបូរី បន្ទាប់ពីជើងហោះហើរអន្តរជាតិត្រូវបានបិទផ្អាកអស់ជាង២០ខែចុងក្រោយនេះ ចាប់គិតពីក្នុងអំឡុងខែមិនាឆ្នាំ២០២០ ដោយសារតែស្ថានភាពពិភពលោក ត្រូវរងការរាតត្បាតដោយជំងឺឆ្លងកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរនោះ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រួមទាំងមានវត្តមានគណៈអភិបាល ឯកឧត្តមតំណាងក្រសួងទេសចរណ៍ ឯកឧត្តមនាយកអាកាសយានដ្ឋាន ប្រតិបត្តិករព្រលានយន្តហោះ និងមន្រ្តីថ្នាក់ដឹកនាំក្នុងខេត្តផ្សេងទៀតផងដែរ មានវត្តមានស្វាគមន៍ការមកដល់នោះ។ នេះគឺជាការមកដល់នៃជើងយន្តហោះដឹកអ្នកដំណើរអន្តរជាតិតាមស្ដង់ដារសុវត្ថិភាពខ្ពស់បំផុត ជើងហោះហើរដំបូងរបស់ Singapore Airlines SQ164 ដោយបានជូនដំណើរវភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៦៧នាក់ មកដល់សៀមរាប-អង្គរ ប្រកបដោយសុវត្ថិភាព។

អភិបាលខេត្តសៀមរាប បានបង្ហាញនូការចាប់អារម្មណ៍ថា ភ្ញៀវមានទំនុកចិត្តចំពោះការមកដល់សៀមរាប ហើយការអនុវត្តនីតិវិធីស្តង់ដាសុវត្តិភាពSOPរបស់ក្រុមការងារបានល្អប្រសើរ។

ឯកឧត្តម បានបន្តឲ្យដឹងថា៖ ការបើកដំណើរការឡើងវិញនៃសេវាកម្មនេះ នឹងជួយស្តារឡើងវិញនូវចរាចរណ៍ផ្លូវអាកាស បន្ទាប់ពីមានការរាំងស្ទះដោយវិបត្តិពិភពលោក កូវីដ-១៩។ ការហោះហើរនៃជើងយន្តហោះមកកាន់សៀមរាប-អង្គរនេះ គឺជាការជួសជុលឡើងវិញសក្តានុពលជម្រុញមួយ ដើម្បីចាប់ផ្តើមបង្ហូរចំនួនភ្ញៀវទេសចរឡើងវិញ ទេសចរវ៉ាក់សាំងអន្តរជាតិ មកទស្សនាកំសាន្តតំបន់បេតិកភ័ណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលប៉ូលទេសចរណ៍មួយនេះ កំពុងអភិវឌ្ឍខ្លួន ជាទីក្រុងឆ្លាតវ៉ៃ និងសុវត្តិភាព ក្រោមចំណងដៃរបស់រាជរដ្ឋាភិបាល ( ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ) រួមនឹងការផ្តល់វ៉ាក់សាំងការពារជូនប្រជាពលរដ្ឋ ដែលជាសមិទ្ធផលយុទ្ធសាស្រ្តគន្លឹះដើម្បីបើកប្រទេសឡើងវិញនោះ។

អភិបាលខេត្តសៀមរាបបានឲ្យដឹងដែរថា៖ ផ្អែកលើកត្តាខាងលើ បុណ្យឆ្លងឆ្នាំសកលខាងមុខ សៀមរាបគ្រោងនឹងអនុញ្ញាតិឲ្យមានការរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំនោះឡើងវិញ ដូចជានៅក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកវារិន្ទ និងស្រុកបន្ទាយស្រីជាដើម៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ