ព័ត៌មានថ្មីបំផុត


នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១​ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍​ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២១ របស់នាយកដ្ឋាន តាមរយៈប្រព័ន្ធអេឡិត្រូនិច Zoom Meeting ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ , ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន គារ, លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២។

ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែកមួយចំនួន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង បានមានប្រសាសន៍លើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ ព្រមទាំងបានអនុញ្ញាតឲ្យលោកនាយការិយាល័យរដ្ឋបាលសរុប អាននូវសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ និងលើកទិសដៅការងារខែបន្ទាប់។

ជាមួយគ្នានោះ កិច្ចប្រជុំក៏មានចូលរួមធ្វើបទបង្ហាញរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី, ប៉ុស្តិ៍អូរយ៉ាដាវ និងប៉ុស្តិ៍កំពង់ផែស្ទឹងហាវ ក្នុងការធ្វើសេចក្តីរាយការណ៍អំពីសភាពការទូទៅ ការអនុវត្តន៍ការងារជំនាញផ្សេងៗ បញ្ហាប្រឈម និងសំណូមពរ ជូនអង្គប្រជុំជ្រាប។

ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន មានមតិចូលរួមណែនាំការងារជំនាញ ក៏ដូចជាធ្វើការក្រើនរំលឹកដល់គ្រប់បណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងអស់ ចំណុះនាយកដ្ឋាន ត្រូវបន្តបង្កើនការតាមដាន ពង្រឹង គ្រប់គ្រងវត្តមាន-អវត្តមានមន្តី្រក្រោមឱវាទរបស់ខ្លួនឲ្យបានម៉ត់ចត់ ត្រូវបែងចែកវេនបំពេញការងារ វេនប្រចាំការឲ្យបានជាប់ជាប្រចាំ បែងចែកនូវការលើកទឹកចិត្ត ឲ្យមានតម្លាភាព និងសុក្រឹត្យភាព ត្រូវស្លៀកពាក់ឯកសណ្ឋានការងារឲ្យសមរម្យជាមន្ត្រីនគរបាលជាតិ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អប្រសើរ។ បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានធ្វើការណែនាំដល់គ្រប់បណ្តាប៉ស្តិ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបញ្ចូលទិន្នន័យភ្ញៀវទេសចរណ៍ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) និងប្រព័ន្ធ (PISCES) ឲ្យអស់ពីលទ្ធភាព ហើយត្រូវធ្វើយ៉ាងណាបំពេញព័ត៌មានភ្ញៀវទាំងអស់ ចូលទៅក្នុងសាលកបត្រ ឲ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ជាពិសេសអាស័យដ្ឋាន និងលេខទំនាក់ទំនង និង ត្រូវកត់ត្រាឲ្យបានច្បាស់លាស់នូវរាល់មធ្យោបាយ ទំនិញចូល-ចេញប្រទេស ជាពិសេសត្រូវបន្តបង្កើតការយកចិត្តទុកប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ជីមុខសញ្ញាខ្មៅឲ្យបានម៉ឺងមាត់ ជ្រៀសវាងមានការធ្វេសប្រហែសកើតមានឡើង។

ទន្ទឹមនឹងនោះ លោកជំទាវ អគ្គនាយករង បានមានប្រសាសន៍ចូលរួម ក៏ដូចជាលើកឡើងនូវចំនុចមួយចំនួនទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែ របស់នាយកដ្ឋាន ដោយបានធ្វើការកែសម្រួល បន្ថែមនូវខ្លឹមសារ ពាក្យពេជន៍ លើរបាយការណ៍នោះផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានធ្វើការណែនាំដល់មន្រ្តីជំនាញផ្នែករដ្ឋបាលសរុប ក្នុងការជួយពន្លឿននូវរបាយការណ៍ប្រចាំថ្ងៃ ខែសប្តាហ៍ ជាពិសេសរបាយការណ៍ប្រចាំឆ្នាំ ដែលត្រូវត្រៀមរបាយការណ៍ជូនអគ្គនាយកដ្ឋាន ដើម្បីរៀបចំធ្វើសន្និបាតនាពេលខាងមុននេះ ឲ្យមានទាន់ពេលវេលា។ លោកជំទាវ ក៏បានបន្តណែនាំ និងជម្រុញឲ្យមន្រ្តីក្រោមឱវាទទាំងអស់ ចំណុះនាយកដ្ឋាន ត្រូវចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ) ឲ្យបានគ្រប់ៗគ្នា ដើម្បីជាការចូលរួមក្នុងការបង្ការ ទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។

នៅទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយករង និងជាប្រធានអង្គប្រជុំ មានមតិប្រសាសន៍ណែនាំ និងសង្កត់បន្ថែមចំពោះការគ្រប់គ្រងកងកម្លាំងនៅតាមបណ្តាប៉ុស្តិ៍ ការកត់ត្រានូវរាល់មធ្យោបាយ ទំនិញចូល-ចេញប្រទេស ការបញ្ចូលទិន្នន័យភ្ញៀវទេសចរណ៍ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានម៉ឺងមាត់ចំពោះបញ្ជីមុខសញ្ញាខ្មៅ។

អង្គប្រជុំទាំងមូលបានបញ្ចប់នៅវេលាម៉ោង ១១ និង ៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ សិទ្ធស្នាល និងដោយស្មារតីទទួលខុសត្រូវខ្ពស់។

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ