ព័ត៌មានថ្មីបំផុត


បាត់ដំបង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ ស្មៀនឃុំ ក្នុងស្រុកបាណន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ ។

ពិធីនេះដែរបានធ្វើឡើងនៅសាលាស្រុកបាណន់ ខេត្តបាត់ដំបង ក៏មានចូលរួមពីមន្ត្រីរាជការថ្នាក់មូលដ្ឋានស្រុកបាណន់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ ។

ក្រោយពីបានស្ដាប់របាយការណ៍របស់លោកអភិបាលស្រុកបាណន់រួចមក ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ក៏បានឡើងមានប្រសាសន៍សួរសុខទុក្ខដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ ស្មៀនឃុំ ក្នុងស្រុកបាណន់ទាំងអស់ដែលបានចូលរួមក្នុងពេលនេះ ។

ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍កោតសរសើរ ដល់មន្ត្រីទាំងអស់ដែលបានខិតខំបំពេញតួនាទី ប្រឹងប្រែងធ្វើការបម្រើដល់ប្រជាពលរដ្ឋនាពេលកន្លងមកនេះ ហើយក្នុងឯកឧត្តម សន្តិបណ្ឌិត ក៏បានជំរុញគ្រាំទ្របន្តខិតខំបំពេញភារកិច្ចឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម សន្តិបណ្ឌិត សុខ ផល ក៏បាននាំមកនូវ វិទ្យុទាក់ទងធន់ធំ ចំនួនមួយឈុត កាំមេរ៉ាវីដែអូសម្រាប់ការប្រជុំតាមប្រព័ន្ធវីដេអូ Zoom ចំនួន មួយឈុត ម៉ាស៊ីនថតចម្លង ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងលោកជំទាវ ចំនួន មួយគ្រឿង និងថវិកា ៦.៥០០.០០០រៀលសម្រាប់រួមចំណែកកែលម្អផ្លូវចូលទៅកាន់សាលាស្រុក ព្រមទាំងអាវរងារ ចំនួន ២៥០អាវ សម្រាប់ចែកជូនមន្ត្រីទាំងអស់ផងដែរ ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ