កិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លិខិតបទដ្ឋានគតិយុត្ត ទាក់ទងនឹងការបណ្ដេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងការបណ្ដេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា។
អញ្ជើញចូលរួមកិច្ចប្រជុំនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាពេលនេះ មាន ឯកឧត្តម ឧត្តមសេនីយ៍ អគ្គនាយករងអន្តោប្រវេសន៍ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញមួយចំនួនទៀត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា លិខិតបទដ្ឋានគតិយុត្តស្តីពី ការបណ្ដេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា គឺទាក់ទងនឹងតួនាទី ភារកិច្ច សិទ្ធអំណាច ការចាប់ខ្លួន ការឃុំខ្លួន និងការបណ្តេញចេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើឲ្យឯកឧត្តម អគ្គនាយករង ប្រធាន អនុប្រធាន និងក្រុមការងារ ជួយពិនិត្យលើទម្រង់បែបបទ ឯកសារ និងជួយកែសម្រួលលើពាក្យពេជន៍ ខ្លឹមសារ ឲ្យមានលក្ខណៈសមស្របទៅតាមបទដ្ឋានគតិយុត្ត ដើម្បីធានាដល់ដំណើរការអនុវត្តការបណ្តេញចេញ អាចប្រព្រឹត្តទៅដោយរលូន៕