ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានអញ្ជើញចុះសួរសុខ​ទុក្ខ និងសំណេះសំណាលដល់កីឡាករ​ កីឡាការិនី​ និងគ្រូបង្ហាត់កីឡាវាយកូនលើឃ្លីលើតុចំនួន ១៥នាក់ នៅស្តាតមរតកតេជោ ដែលបានត្រូវបានបិទខ្ទប់ហ្វឹកហាត់រយ:ពេល ៣ខែ។

ក្នុងការអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានអញ្ជើញនាំយកគ្រឿងឧបភោគ និងភេសជ្ជ:មួយចំនួនដល់ គ្រូបង្ហាត់ ៤នាក់​ កីឡាករ ៨នាក់ កីឡាការនី ៣នាក់​ និងបានឧបត្ថម្ភបន្ថែម ដោយក្នុងមួយនាក់ទទួលបាន ៦០០,០០០៛ (ហុកសិបម៉ឺនរៀល) ជារៀងរាល់ខែ រយៈពេល ៣ខែ ដើម្បីជាការលើកទឹកចិត្ត ក្នុងពេលកំឡុងការបិទខ្ទប់ការហ្វឹកហាត់ ដោយគិតចាប់ពីថ្ងៃទី១ តុលានេះទៅ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា ឯកឧត្តមនឹងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ និងភេសជ្ជ:មួយចំនួន រួមទាំងថវិកាផ្តល់ជួយជារៀងរាល់ខែ ដល់កីឡាករ​ កីឡាការិនី​ និងគ្រូបង្ហាត់ ពីលើអ្វីដែលគណៈកម្មាធិការជាតអូឡាំពិកឧបត្ថម្ភហើយ ដើម្បីផ្តល់ថាមពលបន្ថែមក្នុងការហ្វឹកហាត់។ ហើយ​សហព័ន្ធកីឡាវាយកូនលើឃ្លីលើតុ មានការរីករាយ និងសប្បាយចិត្ត ចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តម ដល់កីឡាករ​ កីឡាការិនី និងគ្រូបង្ហាត់។

ចុងបញ្ចប់ឯកឧត្តម បានផ្តាំផ្ញើឲ្យកីឡាករ​ កីឡាការិនី​ ខិតខំហ្វឹកហាត់ គោរពវិន័យឲ្យបានល្អ​ ហើយអនាគតក្មួយៗជាដំណាងឲ្យមុខមាត់ប្រទេសជាតិ និងកត្តិយសខ្លួនឯងផងដែរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ