នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណភាពរបស់ម្ដាយបង្កើត ឯកឧត្តម មួន សារ៉ន ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា មានសេចក្តីក្តុកក្តួល និងសោកស្ដាយជាអនេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំអំពីមរណភាព របស់ឧបាសិកា ម៉ឺន ថុន នៅថ្ងៃអាទិត្យ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០១និង២៦នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ ឧបាសិកា ម៉ឺន ថុន គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក និងជីដូន ដែលជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងបានអប់រំណែនាំផ្ដល់ដំបូន្មានធ្វើអោយកូន-ចៅបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំដែលមានស្នាដៃ ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានដ៏ចម្បងក្នុងការអភិវឌ្ឍសង្គមជាតិ។ ម្យ៉ាងវិញទៀតមរណភាពរបស់ ឧបាសិកា ម៉ឺន ថុន ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូ ដែលតែងតែជួយ គាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។
នៅក្នុងពេលវេលាដ៏សែនក្រៀមក្រំរំជួលចិត្តនេះ ខ្ញុំនិងភរិយា ព្រមទាំងមន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមចូលរួមសម្ដែងនូវសមានទុក្ខដោយក្តីសោកស្ដាយអាឡោះអាល័យ និងសូមបួង សួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ម៉ឺន ថុន សូមឆាប់បាន យោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម មួន សារ៉ន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវសមានចិត្ត ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕