ពីធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាសម្តេចតេជោ ហ៊ុន សែន ចំនួន ០១ខ្នង មាន ០៦បន្ទប់ នៅក្នុងសាលាបឋមសិក្សាបាយដំរាំ
បាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានអញ្ជើញជាអធិបតីភាព ក្នុងពីធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាសម្តេចតេជោ ហ៊ុន សែន ចំនួន ០១ខ្នង មាន ០៦បន្ទប់នៅក្នុងសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី មន្ត្រីរាជការ និងក្រុមការងាររបស់រាជរដ្ឋាភិបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះជួយមូលដ្ឋានភូមិ ឃុំ របស់ស្រុកបាណន់ រួមទាំងប្រជាពលរដ្ឋដែលបានចូលរួមជាច្រើននាក់ទៀតផងដែរ។
ឯកឧត្តម សន្តិបណ្ឌិត បានឲ្យដឹងថា ដំណើរការសាងសង់អគារសិក្សានេះ បានទួលការអនុញ្ញាតពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសារសាលាមានអគារចាស់ទ្រុឌទ្រោម ខណៈនៅសល់អគារមួយខ្នងទៀត មិនអាចបំពេញតម្រូវការចូលរៀនរបស់សិស្សបាន។
ឆ្លើយតបតាមសំណូមពរលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឯកឧត្តម សន្តិបណ្ឌិត សុខ ផល និងឯកឧត្តម អគ្គនាយក គៀត ច័ន្ទថារិទ្ធ បានរួមវិភាគទានគ្នាដើម្បីសាងសង់អគារសិក្សាថ្មីនេះជូន សម្រាប់បម្រើប្រយោជន៍ដល់វិស័យសិក្សាធិការជាតិ។
នៅថ្ងៃនេះដែរ ឯកឧត្តម សន្តិបណ្ឌិត និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានបន្តទៅត្រួតពិនិត្យការសាងសង់សាលប្រជុំរបស់ឃុំទាំង ៣ឃុំ គឺនៅឃុំបាយដាំរាំ ឃុំកន្ទឺ១ និងឃុំចែងមានជ័យ។
សាលប្រជុំនោះអាចដាក់សមាជិកបានចំនួន ២៥០នាក់ ក្នុងមួយសាលប្រជុំហើយជាសមិទ្ធផលថ្មីមួយទៀត ដែលឯកឧត្តម អគ្គនាយក បានរួមវិភាគទានជាមួយឯកឧត្តម សន្តិបណ្ឌិត៕