កិច្ចប្រជុំរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអន្តោប្រវេសន៍ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានបើកកិច្ចប្រជុំ រៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដា្ឋនជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអន្តោប្រវេសន៍ ព្រមទាំងមានការចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋានពាក់ព័ន្ធ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការរៀបចំផែនការមេនេះ និងបានស្នើដល់ក្រុមការងារត្រូវសិក្សាឲ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យការរៀបចំផែនការមេនេះ ធានាបានដល់ការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអន្តោប្រវេសន៍មួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងការគ្រប់គ្រងអន្តោប្រវេសន៍ផង និងការងារសន្តិសុខរបស់ប្រទេសផង ដោយផ្អែកតាមផែនការយុទ្ធសាស្ត្ររយៈពេល ០៥ឆ្នាំ (២០១៩-២០២៤) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមការសម្រេចរបស់ថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាល។ ដោយឡែក ការរៀបចំផែនការសកម្មភាពលំអិត ការរៀបចំសមាសភាពក្រុមការងារឲ្យបំពេញភារកិច្ចតាមផ្នែក និងជំនាញនីមួយៗ កម្មវិធីការងារច្បាស់លាស់ និងតម្រូវការចាំបាច់ដទៃទៀត នឹងត្រូវលើកយកមកពិភាក្សាបន្តឲ្យបានល្អិតល្អន់នាកិច្ចប្រជុំក្រោយៗទៀត៕