ព័ត៌មានថ្មីបំផុត


ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញធ្វើបាឋកថានៅបណ្ឌិត្យសភានគរបាលកម្ពុជា

 

នាព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍លើប្រធានបទ ស្ដីពី "ការគ្រប់គ្រងជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា" នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

 

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈគ្រប់គ្រងសាលាមធ្យមវិជ្ជាជីវៈនគរបាល ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនៃសាលាមធ្យមវិជ្ជាជីវៈនគរបាល និងវិទ្យាស្ថានក្រោយបរិញ្ញាបត្រ ថ្នាក់បណ្ឌិតវិទ្យសាស្ត្រនគរបាល ជំនាន់ទី២ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យសាស្ត្រនគរបាលជំនាន់ទី១១ និងជំនាន់ទី១២ វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ស្នាក់នៅបណ្តោះអាសន្ន និងបាត់មុខសរុបចំនួន ២៧៦នាក់ នារីចំនួន ៣៣នាក់។

 

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ឯក ភុន សុផល នាយកសាលាមធ្យមវិជ្ជាជីវៈនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដែលបានចំណាយពេលដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញមកធ្វើបាឋកថាចែករំលែកបទពិសោធន៍ លើប្រធានបទស្តីពី "ការគ្រប់គ្រងជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា" ជូនសិក្ខាកាមវគ្គសុក្រឹតការ ថ្នាក់ដឹកនាំនគរបាល នាពេលនេះ។ 

 

អញ្ជើញថ្លែងក្នុងកម្មវិធីបាឋកថាខាងលើ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានគូសបញ្ជាក់អំពីចំនុចសំខាន់ៗ នៃការគ្រប់គ្រងជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើកិច្ចការមួយចំនួនដូចជា៖

១.ជីវប្រវត្តិ និងលទ្ធផលការងារសម្រេចបានរយៈពេល ៦ខែ ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

២.កំណែទម្រង់ក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍

៣.ប្រព័ន្ធថ្មីៗសំរាប់ការងារគ្រប់គ្រងជនបរទេសក្នុងព្រះរាជណាចក្រកម្ពុជា

៤.ទិសដៅអនុវត្តបន្ត

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានមានប្រសាសន៍សង្កត់ធ្ងន់ថា កិច្ចការអន្តោប្រវេសន៍នេះ គឺជាកិច្ចការស្នូលមួយដ៏សំខាន់របស់ក្រសួងមហាផ្ទៃ ក្នុងការរួមចំណែកការពារសន្តិសុខជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ព្រមទាំងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសទៀតនោះ កិច្ចការអន្តោប្រវេសន៍គឺពាក់ព័ន្ធផ្ទាល់លើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរួមចំណែកក្នុងការអភិវឌ្ឍន៍គោលនយោបាយវិនិយោគ គោលនយោបាយទេសចរណ៍ គោលនយោបាយជាតិផ្សេងៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល និងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ